(វៀងចន្ទន៍)៖ ប្រភពការទូតបានឱ្យដឹងនាថ្ងៃទីអង្គារ ទី៨ ខែតុលា ថា មីយ៉ាន់ម៉ានឹងបញ្ជូនអ្នកតំណាងម្នាក់ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងសប្តាហ៍នេះ ដែលជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
វិបត្តិមីយ៉ាន់ម៉ា នឹងស្ថិតក្នុងរបៀបវារៈចម្បង នៅពេលមេដឹកនាំក្រុមប្រទេសអាស៊ាន ជួបប្រជុំគ្នានៅប្រទេសឡាវ នាថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែកិច្ចប្រឹងប្រែងរយៈពេលជាង ៣ឆ្នាំមកហើយ ដើម្បីស្វែងរកដំណោះស្រាយការទូត សម្រាប់ជម្លោះនេះ នៅតែមិនទាន់ទទួលបានផ្លែផ្កាអ្វីនៅឡើយទេ។ អាស៊ានបានហាមឃាត់ ថ្នាក់ដឹកនាំរបបយោធាមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន ក្រោយរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ហើយរបបយោធា បានបដិសេធបញ្ជូនអ្នកតំណាង ដែលមិនជាប់ពាក់ព័ន្ធនយោបាយ។
យ៉ាងណាមិញ ប្រភពពីអ្នកការទូតអាស៊ានម្នាក់ បានបង្ហើបប្រាប់ AFP ថា មីយ៉ាន់ម៉ា ដែលស្ថិតក្នុងចំណោមសមាជិកទាំង១០ របស់អាស៊ាន បានសម្រេចចិត្តបញ្ជូនមន្រ្តីជាន់ខ្ពស់ម្នាក់ នៃក្រសួងការបរទេស ជាតំណាងរបស់ខ្លួន មកចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃ នៅរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ។
គួរបញ្ជាក់ថា ប្រមុខរបបសឹកមីយ៉ាន់ម៉ា លោក Min Aung Hlaing បានចូលរួមកិច្ចប្រជុំបន្ទាន់មួយរបស់អាស៊ាន ស្តីពីវិបត្តិនៅមីយ៉ាន់ម៉ា កាលពីខែមេសា ឆ្នាំ២០២១ ប៉ុន្តែចាប់តាំងពីរបបសឹក មិនព្រមអនុវត្តតាមផែនការសន្តិភាព៥ចំណុច ដែលបានព្រមព្រៀងគ្នាពីដំបូង អាស៊ានបានសម្រេចមិនអញ្ជើញរូបលោក ឱ្យចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំតទៀតឡើយ៕