(ម៉ានីល)៖ ហ្វីលីពីនបានចោទប្រកាន់កងការពារឆ្នេរសមុទ្រចិន ថាបានបាញ់កាណុងទឹកលើនាវារបស់ខ្លួនដែលកំពុងដឹកជញ្ជូនសម្ភារៈ ទៅកាន់អ្នកនេសាទ នៅតំបន់ Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
ចិនបានឆ្លើយតបថា សកម្មភាពរបស់ខ្លួន គឺជាវិធានការត្រួតពិនិត្យ បន្ទាប់ពីនាវាហ្វីលីពីន បានចូលទៅក្នុងដែនទឹករបស់ចិន។ លោក Liu Dejun អ្នកនាំពាក្យឆ្មាំសមុទ្រចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងជំរុញឲ្យហ្វីលីពីនបញ្ឈប់ការរំលោភបំពានរបស់ខ្លួនជាបន្ទាន់»។
ហេតុការណ៍នេះ គឺជាជម្លោះចុងក្រោយបំផុត រវាងប្រទេសទាំងពីរ ទាក់ទងនឹងតំបន់ Scarborough Shoal ដែលជាតំបន់នេសាទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។
ហ្វីលីពីនបាននិយាយថា «នាវារបស់ខ្លួន កំពុងបំពេញបេសកកម្មធម្មតា ដើម្បីផ្គត់ផ្គង់សម្ភារៈ ដល់អ្នកនេសាទ នៅពេលដែលនាវាចិន បានចូលមកជិត និងបាញ់កាណុងទឹក»។ ចិនបានឆ្លើយតបថា «នាវាហ្វីលីពីន បានចូលទៅក្នុងដែនទឹករបស់ចិន ដោយខុសច្បាប់ ហើយវិធានការត្រួតពិនិត្យ របស់ចិន គឺសមស្របទៅនឹងស្ថានការណ៍»។
គួរបញ្ជាក់ថា ជម្លោះនេះ បានកើតឡើងខណៈដែលមេដឹកនាំអាស៊ាន កំពុងជួបប្រជុំគ្នា នៅក្នុងប្រទេសឡាវ។ ហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងលើកឡើងពីបញ្ហានេះ ក្នុងកិច្ចប្រជុំកំពូលនេះ៕