(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ និងអង់ហ្គោឡា ដើម្បីផ្តោតលើការត្រៀមរៀបចំ និងការឆ្លើយតបទៅនឹងព្យុះហឺរីខេន Milton ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។

សេតវិមានបានគូសបញ្ជាក់ថា លោក Biden ចង់ត្រួតពិនិត្យការត្រៀមលក្ខណៈ និងការឆ្លើយតប ចំពោះព្យុះហឺរីខេន Milton និងផលប៉ះពាល់នៃព្យុះហឺរីខេន Helene នៅទូទាំងភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ដោយមើលឃើញពីគន្លង និងកម្លាំងនៃព្យុះ Milton ប្រធានាធិបតី Biden កំពុងពន្យារពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសអាល្លឺម៉ង់ និងអង់ហ្គោឡា ដើម្បីត្រួតពិនិត្យការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងព្យុះ Milton បន្ថែមពីលើការឆ្លើយតបជាបន្តចំពោះផលប៉ះពាល់នៃព្យុះ Helene នៅទូទាំងភាគអាគ្នេយ៍»

គួរបញ្ជាក់ថា ព្យុះហឺរីខេន Milton បានវិវត្តិទៅជាព្យុះប្រភេទទី ៥ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយបង្កការគំរាមកំហែងរាប់ចាប់តាំង ពីតំបន់ Yucatan នៃប្រទេសម៉ិកស៉ិក ខណៈកំពុងរំកិលឆ្ពោះមកកាន់រដ្ឋ Florida សហរដ្ឋអាមេរិក ជាទីដែលមានការជម្លៀសមនុស្សជាច្រើននាក់ និងកំពុងស្តារឡើងវិញពីការបំផ្លិចបំផ្លាញនៃព្យុះ Helene។

តាមការព្យាករណ៍ ព្យុះនេះទំនងជា វាយប្រហារនៅជិតតំបន់ទីប្រជុំជន Tampa Bay ដែលមានប្រជាជនជាង ៣លាននាក់។ បន្ទាប់​ពីបោកបក់ជុំវិញតំបន់ Petersburg នៅថ្ងៃពុធ Milton នឹងបោកបក់ឆ្លងកាត់រដ្ឋ Florida ហើយនៅតែមានឥទ្ធិពលជាព្យុះហឺរីខេន នៅឆ្នេរសមុទ្រ Atlantic៕