(ប៉េកាំង)៖ "ទីផ្សារសកលមានសុទិដ្ឋិនិយមចំពោះគោលនយោបាយទាំងនេះ។" "ប្រទេសចិនត្រូវបានរំពឹងថា នឹងសម្រេចបាននូវគោលដៅកំណើន ខាងសេដ្ឋកិច្ចពេញមួយឆ្នាំ ចំនួន៥ភាគរយ"។ល។ នៅថ្ងៃទី៨ខែតុលា បន្ទាប់ពីរដ្ឋាភិបាលចិនបានឱ្យដឹងពីសភាពការណ៍ ដែលអនុវត្តជាប្រព័ន្ធនូវគោលនយោបាយបន្ថែមមួយចំនួន ប្រព័ន្ធផ្សព្វផ្សាយបរទេស បានយកចិត្តទុកដាក់ព្រមៗគ្នាចំពោះការនេះ។ មតិអន្តរជាតិបានយល់ឃើញថា គោលនយោបាយទាំងនេះ បានបង្កើនជំនឿចិត្តរបស់ភាគីនានាយ៉ាងខ្លាំង និងជំរុញសេដ្ឋកិច្ចចិនឱ្យទទួល ការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ។

មួយរយៈពេលកន្លងមកនេះ ស្របពេលដែលប្រសិទ្ធិភាពនៃគោលនយោបាយ ដែលមានស្រាប់គ្រប់ផ្នែកបានបញ្ចេញ និងគោលនយោបាយបន្ថែមត្រូវបានដាក់ចេញនិងអនុវត្ត ដំណើរការនៃសេដ្ឋកិច្ចចិនមានស្ថិរភាពជាទូទៅ និងកើនឡើងជាលំដាប់ ហើយការប៉ានប្រមាណនៃទីផ្សារមានការកែលម្អយ៉ាងច្បាស់លាស់។ក្នុងចំណោមនោះ ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ ដូចជាសន្ទស្សន៍អ្នកគ្រប់គ្រង ការបញ្ជាទិញនៃមុខរបរផលិតកម្ម (PMI) ជាដើម បានងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយទីផ្សារដូចជាភាគហ៊ុនជាដើម ក៏បានងើបឡើងវិញផងដែរ។

ទន្ទឹមនឹងនេះ ទីផ្សារប្រើប្រាស់របស់ប្រទេសចិនក្នុងវិស្សម កាលថ្ងៃបុណ្យជាតិចិន មានភាពស្ទុះយ៉ាងខ្លាំង។ តាមទិន្នន័យបង្ហាញថា បរិមាណនៃការកក់សំបុត្រសម្រាប់តំបន់ទេសចរណ៍ ទូទាំងប្រទេសចិនជាដើម បានកើនឡើងជាង៣៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរនិងចំណូលពីទេសចរណ៍ នៅកន្លែងជាច្រើន សុទ្ធតែបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ហើយចំណូលបានមកពីការលក់សំបុត្រភាពយន្តទូទាំងប្រទេសចិន បានកើនឡើងលើសពី២១០០លានយាន់ប្រាក់ចិន។ល។ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានវាយតម្លៃថា កំណើននៃការប្រើប្រាស់ នៅទីផ្សារវប្បធម៌និងទេសចរណ៍ជាដើម បានបង្ហាញពីភាពរស់រវើកនៃសេដ្ឋកិច្ចចិន ការធ្វើដំណើរទៅក្រៅប្រទេស របស់ភ្ញៀវទេសចរចិន ក៏បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ផងដែរថា ទីផ្សារប្រើប្រាស់នៅថ្ងៃបុណ្យជាតិចិននៅឆ្នាំនេះបានលេចចេញនិន្នាការថ្មីជាច្រើន។ មួយផ្នែក ការប្រើប្រាស់បែបថ្មីដែលចាត់ទុកការធ្វើឌីជីថលូបនីយកម្ម ភាពបៃតងនិងការរួមបញ្ចូលគ្នាជាលក្ខណៈពិសេស បានបំពេញតម្រូវការលើពហុវិស័យរបស់អ្នកប្រើប្រាស់។ មួយផ្នែកទៀត ដោយទទួលនូវការជំរុញពីគោលនយោបាយ មានអំណោយផលជាច្រើននៃទីផ្សារអចលនទ្រព្យ ដែលបានចេញផ្សាយមុនថ្ងៃឈប់សម្រាក ការប្រើប្រាស់ និងការវិនិយោគខាងទំនិញខ្នាតធំ ដូចជាការទិញផ្ទះជាដើម បានរំលេចចេញនូវនិន្នាការងើបឡើងវិញ។

សញ្ញាវិជ្ជមានមួយហើយមួយទៀតដែលមកពីទីផ្សារចិន គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីជាច្រើន។ នៅមុនថ្ងៃបុណ្យជាតិឆ្នាំនេះ រដ្ឋាភិបាលចិនបានដាក់ចេញ នូវគោលនយោបាយមួយចំនួនដូចជា ការបញ្ចុះអត្រាប្រាក់បម្រុង ការកាត់បន្ថយអត្រាការប្រាក់ និងការកាត់បន្ថយអត្រាការប្រាក់ កម្ចីទិញផ្ទះដែលមានស្រាប់ជាដើម បានបង្កើនជំនឿចិត្ត នៃទីទីផ្សារ និងបញ្ចេញសក្តានុពលទីផ្សារយ៉ាងខ្លាំង។ មូលធនសកលបានទិញទ្រព្យសម្បត្តិចិនជាបន្តបន្ទាប់ ដែលបង្ហាញពីសុទិដ្ឋិនិយម ចំពោះគោលនយោបាយសេដ្ឋកិច្ច និងអនាគតអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន។ ប្រការនេះក៏បានបញ្ជាក់ផងដែរថា និន្នាការទូទៅនៃសេដ្ឋកិច្ចចិនមិនបានកែប្រែទេ ហើយលក្ខខណ្ឌមានអំណោយផល ដូចជាទីផ្សារដ៏ធំទូលាយ សេដ្ឋកិច្ចមានភាពធន់ខ្លាំង និងសក្តានុពលដ៏ធំជាដើមមិនបានកែប្រែទេ។

ទន្ទឹមនឹងនោះ ទីផ្សារចិនដែលបានពង្រីកនិងបើកចំហជាបន្តបន្ទាប់បានបង្កើតឱកាសឈ្នះ-ឈ្នះសម្រាប់ប្រទេសនានា។ ថ្ងៃទី៨ខែតុលា រដ្ឋាភិបាលចិនបានប្រកាសថា នឹងបង្កើនកម្លាំងទាក់ទាញ និងលំនឹងការវិនិយោគ បង្កើនការបើកចំហដោយ ម្ចាស់ការថែមមួយកម្រិតទៀត ដាក់ចេញគម្រោងទុនបរទេសសំខាន់ៗមួយចំនួន និងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ឆ្លងកាត់ដែនចិនប្រកបដោយភាពកាន់តែបើកចំហ និងវិធានការថ្មីៗផ្សេងទៀត។ នេះគឺមានន័យថា ទ្វាររបស់ប្រទេសចិន នឹងបើកចំហរឹតតែធំ ហើយកម្រិតនៃភាពងាយស្រួល ក្នុងការចេញចូលដែននឹងត្រូវលើកកម្ពស់ជាបន្តបន្ទាប់ ដើម្បីជួយសហគ្រាសទុនបរទេសចាក់គ្រឹះយ៉ាងរឹងមាំ នៅប្រទេសចិននិងឈ្នះនៅប្រទេសចិន។

នាពេលបច្ចុប្បន្ននេះ បរិយាកាសខាងក្រៅដែលសេដ្ឋកិច្ចចិនកំពុងប្រឈមមុខ នៅតែមានភាពស្មុគស្មាញនិងភាពតានតឹង ការរក្សាស្ថិរភាពនិងកំណើនជាលំដាប់នៃសេដ្ឋកិច្ចចិន នៅតែត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងជាច្រើនដដែល។ ប៉ុន្តែ ស្របពេលដែលសញ្ញាវិជ្ជមានមួយហើយមួយទៀត បានលេចចេញជាបន្តបន្ទាប់ ហើយស្របពេលដែលការប៉ាន់ប្រមាណ នៃទីផ្សារបន្តមានភាពប្រសើរឡើង ប្រទេសចិនបានពោរពេញទៅដោយជំនឿចិត្តចំពោះ ការសម្រេចបាននូវគោលដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំ និងពោរពេញទៅដោយជំនឿចិត្តចំពោះ ការរក្សាបាននូវអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយស្ថិរភាព និងភាពល្អបរិសុទ្ធជាបន្តបន្ទាប់។ "ជំនឿចិត្តរបស់ប្រទេសចិន" បែបនេះក៏ជាឱសថពង្រឹងកម្លាំងចិត្ត សម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន