(វ៉ាស៉ីនតោន)៖ ព្យុះហឺរីខេន Milton បានបោកបក់ពាសពេញរដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលានេះ បន្ទាប់ពីមកដល់ឆ្នេរភាគខាងលិចនៃរដ្ឋ ដោយបានបង្កឱ្យមានខ្យល់កន្រ្តាក់ បំផ្លាញផ្ទះសម្បែង និងកាត់ផ្តាច់អគ្គិសនីសម្រាប់មនុស្សជិត ២លាននាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មជ្ឈមណ្ឌលជាតិតាមដានព្យុះហឺរីខេន បានឱ្យដឹងថា Milton បានបោកបក់មកដល់ទីក្រុងឆ្នេរ Siesta Key របស់រដ្ឋ Florida កាលពីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) ក្នុងលក្ខខណ្ឌជាព្យុះកម្រិតទី ៣ជាមួយនិងល្បឿនខ្យល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។ មកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ល្បឿនខ្យល់បានចុះមកនៅត្រឹម ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែនៅតែគ្រោះថ្នាក់។
កម្លាំងនៃព្យុះនាំឱ្យមានការរអិលបាក់ដីនៅ Siesta Key ដែលជាទីក្រុងកោះមានមនុស្សរស់នៅប្រហែល ៥,៤០០នាក់ ស្ថិតនៅភាគខាងត្បូងតំបន់ទីប្រជុំជន Tampa Bay ដែលមានមនុស្សរស់នៅជាង ៣លាននាក់។ អភិបាលរដ្ឋ Florida លោក Ron DeSantis និយាយថា ឥទ្ធិពលរបស់ព្យុះ Milton បង្កើតបានជាខ្យល់កន្ត្រាក់ចំនួន ១៩ បង្កការខូចខាត នៅក្នុងស្រុកជាច្រើន និងបំផ្លាញផ្ទះប្រហែល ១២៥ខ្នង ភាគច្រើនជាផ្ទះចល័ត។
តាមការព្យាករ ទឹកសមុទ្រនៅតែអាចកើនឡើងដល់កម្ពស់ ៤ម៉ែត្រ ខណៈផ្ទះ និងអាជីវកម្មជាង ២លានក្នុងរដ្ឋ Florida គ្មានអគ្គិសនីប្រើប្រាស់។ ព្យុះហឺរីខេន Milton អាចមានឥទ្ធិពលនៅទូទាំងរដ្ឋតែម្តងព្យុះ ហើយបក់ចូលទៅតំបន់ Atlantic និងនៅតែមានកម្លាំងជាខ្យល់ព្យុះ នៅថ្ងៃព្រហស្បតិ៍នេះ។ បុគ្គលិកឆ្មាំជាតិប្រហែល ៩,០០០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋ ហើយត្រៀមខ្លួនជាស្រេចក្នុងការជួយសង្រ្គោះ៕