(ហ្សេរុយសាឡឹម)៖ អាជ្ញាធរលីបង់បានឱ្យដឹងថា អ៊ីស្រាអែលបានពង្រីកការវាយប្រហារទៅកាន់ទីក្រុង Aitou ភាគខាងជើងប្រទេសលីបង់ ជាទីដែលភាគច្រើនជាអ្នកកាន់គ្រីស្ទសាសនារស់នៅ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
អភិបាលក្រុង Aitou លោក Joseph Trad បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាក្រៅពីអ្នកស្លាប់ ក៏មនុស្ស៤នាក់បានរងរបួសផងដែរ។
អ៊ីស្រាអែលក៏បានបញ្ជាឱ្យប្រជាជននៅភូមិចំនួន ២៥ នៅតំបន់ខាងត្បូងឱ្យជម្លៀសទៅកាន់តំបន់ទល់ទន្លេ Awali ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការនៃអង្គភាពមីស៊ីលប្រឆាំងរថក្រោះ នៃកងកម្លាំង Radwan ដែលជាកងកម្លាំងប្រយុទ្ធឈានមុខរបស់ក្រុមហេសបូឡា។
ស្ថានការណ៍នេះកើតឡើងនៅពេលដែលអ៊ីស្រាអែល និងអង្គការសហប្រជាជាតិ UNIFIL កំពុងមានភាពតានតឹងកាន់តែខ្លាំង នៅពេលដែលអ៊ីស្រាអែលបានអំពាវនាវឱ្យកងទ័ពអង្គការសហប្រជាជាតិចាកចេញពីតំបន់នេះ៕