(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា សមយុទ្ធកងទ័ពជើងទឹកដែលរៀបចំដោយអ៉ីរ៉ង់ និងមានការចូលរួមពីរុស្ស៉ី ប្រទេសអូម៉ង់ ហេីយសង្កេតការដោយប្រទេសចំនួន ៩ផ្សេងទៀត បានចាប់ផ្តើមនៅក្នុងមហាសមុទ្រឥណ្ឌា នាថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទូរទស្សន៍ Press TV ផ្សាយជាភាសាអង់គ្លេស បានឱ្យដឹងថា សមយុទ្ធ IMEX 2024 គឺសំដៅជំរុញសន្តិសុខសមូហភាពក្នុងតំបន់ ពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងបង្ហាញពីសុច្ឆន្ទៈ សមត្ថភាព ដើម្បីការពារសន្តិភាព មិត្តភាព ក៏ដូចជាសន្តិសុខដែនសមុទ្រ។ កងកម្លាំងដែលមកចូលរួម នឹងអនុវត្តនូវយុទ្ធសាស្ត្រ ដើម្បីធានាសន្តិសុខពាណិជ្ជកម្មតាមដែនសមុទ្រអន្តរជាតិ ការពារផ្លូវសមុទ្រ ពង្រឹងវិធានការមនុស្សធម៌ និងផ្លាស់ប្តូរព័ត៌មានស្តីពីប្រតិបត្តិការជួយសង្គ្រោះ។
សមយុទ្ធនេះ ធ្វើឡើងដំណាលគ្នាភាពតានតឹងខ្លាំងក្នុងតំបន់ ដែលមានសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស់ នៅតំបន់ហ្កាហ្សា ហើយក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ របស់យេម៉ែន ក៏បាននិងកំពុងបើកការវាយប្រហារលើនាវា ឆ្លងកាត់សមុទ្រក្រហម។
គួរបញ្ជាក់ថា ឆ្លើយតបនឹងភាពតានតឹងក្នុងតំបន់ជាមួយសហរដ្ឋអាមេរិក អ៉ីរ៉ង់បានបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៉ី និងចិន។ កាលពីខែមីនា អ៉ីរ៉ង់ ចិន និងរុស្ស៉ី បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកទី ៥នៅឈូងសមុទ្រអូម៉ង់។ ប្រទេសដែលចូលរួមសង្កេតការណ៍ មាន អារ៉ាប៊ីសាអូឌីត កាតា ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស និងថៃ៕