(ព្រុចសែល)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយថា បទឈប់បាញ់គឺជាអាទិភាពមួយសម្រាប់តំបន់មជ្ឈិមបូព៌ា ហើយការសម្លាប់មេដឹកនាំរបស់ក្រុមហាម៉ាស លោក Yaya Sinwar ដោយកងកម្លាំងអ៉ីស្រាអែល អាចបង្កើននូវឱកាសសម្រេចបាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ ២០២៤។
លោក Josep Borrell ប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំនៃរដ្ឋមន្ត្រីការពារជាតិ G7 ក្នុងទីក្រុង Naples ថា បន្ទាប់ពីការសម្លាប់ លោក Sinwar មានទស្សនវិស័យថ្មីមួយលេចឡេីង ហើយយើងត្រូវប្រើវា ដើម្បីឈានទៅសម្រេចបទឈប់បាញ់ ការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលដែលនៅសេសសល់ ហេីយស្វែងរកទស្សននយោបាយ សម្រាប់អនាគតតំបន់ហ្កាហ្សា។
ជុំវិញការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុម Hezbollahលោក Borrell និយាយថា កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅប្រទេសលីបង់ (UNIFIL) អាចរងការប៉ះទង្គិចថែមទៀត ហេីយប្រហែលជាត្រូវពិនិត្យការដាក់បេសកកម្មរបស់ខ្លួនឡេីងវិញ ប៉ុន្តែរឿងដំបូងដែលត្រូវធ្វើនោះ ក៏ជាការសម្រេចឱ្យបាននូវបទឈប់បាញ់។
គួរបញ្ជាក់ថា អ៉ីស្រាអែល ចាត់ទុកលោក Yaya Sinwar ថាជាអ្នកទទួលខុសត្រូវចំពោះការវាយឆ្មក់ចូលទឹកដីរបស់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ ការសម្លាប់របស់ Sinwar ក៏អាចត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល និងបទឈប់បាញ់ផងដែរ ចាប់តាំងពី លោកត្រូវបានគេជឿថា ជាអ្នករារាំងដ៏សំខាន់មួយនៃកិច្ចព្រមព្រៀង៕