(ប៉ារីស)៖ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងកៀវ រដ្ឋមន្ត្រីការបរទេសបារាំង និងអ៊ុយក្រែន បាននិយាយថា ការចូលរួមជាទៀងទាត់របស់ទាហានកូរ៉េខាងជើង ដើម្បីគាំទ្រការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នឹងក្លាយជាការបង្កភាពតានតឹងថែមទៀតនៃសង្រ្គាម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ ២០២៤។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេស្គី បានចោទប្រកាន់កូរ៉េខាងជើង ពីការដាក់ពង្រាយមន្ត្រីជាមួយរុស្ស៉ី និងរៀបចំបញ្ជូនទាហាន ១០,០០០នាក់មកជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ ទោះបីជាប្រមុខអង្គការណាតូ លោក Mark Rutte ថានៅមិនទាន់មានភស្តុតាងអំពីវត្តមានរបស់ទីក្រុងព្យុងយ៉ាង ក្នុងដំណាក់កាលនេះក្តី។
លោក Jean-Noel Barrot ដែលទៅដល់អ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីក្លាយជារដ្ឋមន្ត្រីការបរទេសក្នុងខែកញ្ញា វានឹងធ្វេីឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ហើយរុញច្រានជម្លោះចូលទៅដំណាក់កាលថ្មីមួយទៀត។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសបារាំងថ្មីរូបនេះ គ្រោងចេញទៅកាន់ភាគខាងកើតអ៊ុយក្រែន នៅថ្ងៃអាទិត្យ ជាកន្លែងដែលបារាំងនឹងផ្តល់ហិរញ្ញប្បទានដល់មជ្ឈមណ្ឌលថ្មីចំនួនពីរ សម្រាប់ការការពារកុមារដែលរងផលប៉ះពាល់ដោយសង្គ្រាម៕