(អ៉ីតាលី)៖ ក្រុមប្រទេស G7 បានព្រមានឱ្យអ៉ីរ៉ង់ បញ្ចប់ការគាំទ្រសម្រាប់ក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់ ព្រមទាំងតួអង្គមិនមែនរដ្ឋដទៃទៀត នៅតំបន់មជ្ឈមបូព៌ា ហើយបញ្ឈប់សកម្មភាពទាំងឡាយណា ដែលជួយបង្កអស្ថិរភាពក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤។
ក្នុងការចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោយកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការពារជាតិ G7 ពួកគេបានអំពាវនាវ ឱ្យអ៉ីរ៉ង់ឈប់ផ្តល់ការគាំទ្រតទៅទៀត ដល់ហាម៉ាស ហេសបូឡា ក៏ដូចជាតួអង្គមិនមែនរដ្ឋផ្សេងទៀត ហើយឈប់ធ្វើសកម្មភាពណា ដែលអាចចូលរួមចំណែកបង្កអស្ថិរភាពក្នុងតំបន់ និងបណ្តាលឱ្យមានការរីករាលដាលនៃជម្លោះ។
ក្រុម G7 ដែលរួមមានសហរដ្ឋអាមេរិក អ៉ីតាលី កាណាដា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុន បាននិយាយថា ពួកគេនៅតែគាំទ្រចំពោះភាពចាំបាច់ ក្នុងការសម្រេចឱ្យបាន បទឈប់បាញ់ សម្រាប់សង្រ្គាមនៅហ្កាហ្សា ព្រមទាំងការដោះលែងចំណាប់ខ្មាំង និងការបង្កើនលំហូរជំនួយមនុស្សធម៌ ចូលទៅកាន់ទីនោះ។ ទន្ទឹមគ្នា G7 ក៏បានបង្ហាញក្តីបារម្ភផងដែរ អំពីស្ថានការណ៍នៅឯប្រទេសលីបង់។
គួរបញ្ជាក់ថា ក្រុមហាម៉ាស ដែលមានមូលដ្ឋានៅហ្កាហ្សា ត្រូវបានកត់ឈ្មោះចូលបញ្ជីអង្គការភេរវករ ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ រីឯក្រុមហេសបូឡានៅលីបង់ ក៏ត្រូវបានចាត់ថ្នាក់ជាក្រុមភេរវករផងដែរដោយអាមេរិក ខណៈសហភាពអឺរ៉ុប ដាក់បញ្ចូលត្រឹមផ្នែកយោធារបស់ក្រុមនេះ ជាក្រុមភេរវករ ដោយមិនរាប់បញ្ចូលផ្នែកនយោបាយ ដែលមានសមាជិកនៅសភាលីបង់ ឡើយ។ ហាម៉ាស ហេសបូឡា ព្រមទាំងក្រុមឧទ្ទាមហ៊ូទីនៅឯប្រទេសយេម៉ែន ដែលត្រូវអាមេរិក ចាត់ទុកជាក្រុមភេរវករដូចគ្នានោះ គឺជាបណ្តាញចលនាប្រដាប់អាវុធនៅមជ្ឈិមបូព៌ា ហៅថា Axis of Resistance ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក៕