(ហ្កាហ្សា)៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា យន្តហោះរបស់អ៉ីស្រាអែល បានទម្លាក់ចែកចាយខិតប័ណ្ណ នៅលើភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលបង្ហាញនូវរូបភាពសាកសព មេដឹកនាំដែលត្រូវបានសម្លាប់ របស់ក្រុមហាម៉ាស គឺលោក Yahya Sinwar រួមជាមួយសារដែលនិយាយថា ក្រុមហាម៉ាសលែងជាអ្នកគ្រប់គ្រងហ្កាហ្សា តទៅទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សកម្មភាពទម្លាក់ខិតប័ណ្ណខាងលើនេះ ធ្វើឡើងស្របពេលដែល ការវាយប្រហារយោធារបស់អ៉ីស្រាអែល ទើបតែបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៣២នាក់ទៀត នៅទូទាំងតំបន់ហ្កាហ្សា។ ក្នុងខិតប័ណ្ណទាំងនោះ មានការបន្ថែមទៀតថា «នរណាក៏ដោយ ដែលសុខចិត្តទម្លាក់អាវុធចុះចាញ់ រួចប្រគល់ខ្លួនចំណាប់ខ្មាំងមកវិញ នឹងទទួលបានអនុញ្ញាតឱ្យចាកចេញ ហើយរស់នៅដោយសន្តិភាព»។ ខ្លឹមសារក្នុងខិតប័ណ្ណ គឺស្រដៀងគ្នាទៅនឹងសេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីលោក Sinwar ត្រូវបានសម្លាប់ដោយក្រុមទាហានអ៉ីស្រាអែល ដែលធ្វើប្រតិបត្តិការនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា ក្បែរព្រំប្រទល់ប្រទេសអេហ្ស៉ីប កាលពីថ្ងៃពុធ។
គួរបញ្ជាក់ថា យោងតាមអាជ្ញាធរអ៉ីស្រាអែល ការវាយប្រហារទ្រង់ទ្រាយធំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលលោក Sinwar បានរៀបចំឡើង លើសហគមន៍នៅភាគខាងត្បូង ប្រទេសអ៉ីស្រាអែល បានសម្លាប់មនុស្សប្រហែល១,២០០នាក់ ហើយ២៥៣នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើចំណាប់ខ្មាំង យកមកកាន់តំបន់ហ្កាហ្សា។ រីឯបើតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា ការធ្វើសង្រ្គាមសងសឹករបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាស នៅក្នុងតំបន់នេះ បានបន្តសម្លាប់មនុស្សលើស៤២,៥០០នាក់ ខណៈប្រហែល១០,០០០នាក់ទៀត ដែលបាត់ខ្លួន ត្រូវបានជឿថា ស្លាប់កប់នៅក្រោមគំនរបាក់បែក៕