(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកូរ៉េខាងត្បូង បានរាយការណ៍នាថ្ងៃចន្ទនេះថា ក្រសួងការបរទេសកូរ៉េខាងត្បូង បានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងសេអ៊ូល ដើម្បីសម្តែងការតវ៉ាចំពោះអ្វីដែលខ្លួនបានអះអាងថា ជាការបញ្ជូនកងទ័ពពីសំណាក់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីដាក់ពង្រាយក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap ឯកអគ្គរដ្ឋទូតរុស្ស៉ី លោក Georgy Zinoviev បានប្រាប់ថា រូបលោកត្រូវបាន​កោះហៅឱ្យជួបជាមួយ លោក Kim Hong-kyun ដែលជាអនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃចន្ទនេះ។ សប្តាហ៍មុន ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបញ្ជូន កងកម្លាំងពិសេសរបស់ខ្លួនចំនួន ១,៥០០នាក់ ទៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ដើម្បីទទួលការហ្វឹកហ្វឺន និងហាត់សមសម្របខ្លួន នៅមូលដ្ឋានយោធាក្នុងតំបន់នោះ ហើយទំនង​ជានឹងត្រូវដាក់ពង្រាយទៅកាន់សមរភូមិ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា វិមានក្រឹមឡាំង បានចេញមុខច្រានចោល ការចោទប្រកាន់របស់កូរ៉េខាងត្បូង។ រីឯសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនអាចបញ្ជាក់បានច្បាស់នោះឡើយ ជុំវិញសេចក្តីរាយការណ៍ដែលថា កងទ័ពកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅជួយរុស្ស៉ី ប្រយុទ្ធ​ក្នុងសង្រ្គាមអ៊ុយក្រែន ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្រសិនបើជាការពិតមែននោះ វានឹងជាស្ថានការណ៍វិវត្តន៍ដ៏គ្រោះថ្នាក់មួយ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន៕