(ដាម៉ាស)៖ ក្រសួងការពារជាតិស៉ីរី បានឱ្យដឹងថា ការវាយប្រហាររបស់អ៉ីស្រាអែល មកលើរដ្ឋធានីដាម៉ាស និងទីតាំងយោធារបស់ខ្លួន ក្បែរទីក្រុង Homs ភាគខាងលិច កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ បណ្តាលឱ្យទាហានម្នាក់ស្លាប់ ៧នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារនោះ ធ្វើឡើងក្នុងសង្កាត់ Kafr Sousa ភាគកណ្តាលទីក្រុងដាម៉ាស និងទីតាំងយោធាមួយកន្លែងនៅតំបន់ជនបទ នៃទីក្រុង Homs។ ក្រសួងការពារជាតិស៉ីរី បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ការវាយប្រហារនោះបណ្តាលឱ្យ «ខូចខាតសម្ភារៈ» តែមិនបានបញ្ជាក់លម្អិតទេ។ នៅព្រឹកថ្ងៃដដែលនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី ក៏បានរាយការណ៍ដែរថា គេបានឮសូរការផ្ទុះ ក្នុងទីក្រុងដាម៉ាស បន្ទាប់ពីអ៉ីស្រាអែល វាយប្រហារអគារលំនៅដ្ឋានមួយ នៅសង្កាត់ Kafr Sousa។

គួរបញ្ជាក់ថា ជាទូទៅ អ៉ីស្រាអែល មិនធ្វើអត្ថាធិប្បាយទេ ជុំវិញសេចក្តីរាយការណ៍ អំពីការវាយប្រហារនៅក្នុងប្រទេសស៉ីរី។ អ៉ីស្រាអែល បានវាយប្រហារប្រឆាំងគោលដៅ ដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ នៅក្នុងប្រទេសស៉ីរី អស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែការវាយឆ្មក់កើតមានកាន់តែសកម្មជាងមុន ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាស៕