(មូស្គូ)៖ កាលពីថ្ងៃពុធ ទី២៣ ខែតុលា ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានទទូចឱ្យក្រុមប្រទេសជាសមាជិក BRICS ជួយបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អំឡុងការថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៉ី លោក Pezeshkian បាននិយាយដូច្នេះថា «ខ្ញុំសូមទទូច​ឱ្យសមាជិកទាំងអស់នៃក្រុម BRICS ដ៏មានឥទ្ធិពល ប្រើប្រាស់សមត្ថភាពដាច់ដោយឡែក និងសមត្ថភាពរួមរបស់ខ្លួន ដើម្បីបញ្ចប់​សង្រ្គាមនៅហ្កាហ្សា និងលីបង់»។ អ៉ីរ៉ង់បានចូលរួមជាសមាជិក BRICS ជាផ្លូវការក្នុងឆ្នាំនេះ។ BRICS ត្រូវបានបង្កើតឡើងដំបូង កាលពីឆ្នាំ២០០៩។ បច្ចុប្បន្នសមាជិក BRICS រួមមានចិន រុស្ស៉ី ឥណ្ឌា ប្រេស៉ីល អាហ្រ្វិកខាងត្បូង អ៉ីរ៉ង់ អេហ្ស៉ីប អេត្យូពី និង​អេមីរ៉ាតអារ៉ាប់រួម។

គួរបញ្ជាក់ថា អ៉ីរ៉ង់កំពុងត្រៀមខ្លួន សម្រាប់ការសន្យាវាយប្រហារសងសឹកពីអ៉ីស្រាអែល បន្ទាប់ពីទីក្រុងតេហេរ៉ង់ បានបាញ់ស្រោច​មីស៉ីលបាលិស្ទីគប្រមាណ២គ្រាប់ លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។ ការបាញ់មីស៉ីលនោះ ជាសកម្មភាពសងសឹកចំពោះ​ការសម្លាប់មេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់ ដែលគាំទ្រដោយអ៉ីរ៉ង់ ព្រមទាំងមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ម្នាក់៕