(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២៣ ខែតុលា សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តការលក់កញ្ចប់សេវាកម្ម សម្រាប់ដំឡើង​សមត្ថភាពយន្តហោះចម្បាំង F-16 របស់ប្រទេសប៉ូឡូញ នៅក្នុងតម្លៃ៧.៣ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ DSCA នៃក្រសួងការពារជាតិអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «គម្រោងលក់សេវាកម្មនេះ នឹងជួយគាំទ្រវត្ថុបំណង នៃគោលនយោបាយការបរទេស ព្រមទាំងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយធ្វើឱ្យប្រសើរឡើង​ នូវសន្តិសុខរបស់សម្ព័ន្ធមិត្តណាតូមួយ ដែលចូលរួមចំណែកជាកម្លាំង សម្រាប់រក្សាស្ថិរភាពផ្នែក​នយោបាយនិងសេដ្ឋកិច្ច នៅតំបន់អឺរ៉ុប»។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសប៉ូឡូញ មានយន្តហោះចម្បាំង F-16 សរុប៤៨គ្រឿង ក្នុងនោះ៣៦គ្រឿង ជាស៊េរី F-16C និង ១២គ្រឿង ជាស៊េរី F-16D។ ការលក់កញ្ចប់សេវាកម្មខាងលើ របស់អាមេរិក នឹងអនុញ្ញាតឱ្យប៉ូឡូញដំឡើងសមត្ថភាពពួកវាទៅជា ស៊េរីទំនើបបំផុតហៅថា F-16 Viper៕