(ប៉េកាំង)៖ ក្រុមប្រទេស BRICS គឺជាពាក្យកាត់ដែលត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់ៗ ចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។

ចាប់តាំងពីកិច្ចប្រជុំការទូតពេញលេញលើកទី១ ត្រូវបានធ្វើឡើងនៅក្រុង Yekaterinburg ប្រទេសរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩មក ក្រុមប្រទេស BRICS បានជួបប្រជុំប្រចាំឆ្នាំ ហើយឆ្នាំ២០២៤នេះ ប្រទេសរុស្ស៊ីបាននិងកំពុងដឹកនាំប្រជុំកំពូល នៃក្រុមប្រទេស BRICS។ ដោយមានប្រទេសចិនជាស្នូល វឌ្ឍនភាពនេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការរបស់ ក្រុមប្រទេស BRICS បានបំពេញតាមតម្រូវការរួមរបស់ខ្លួនសម្រាប់ការអភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការនោះនឹងនៅស្ថិតស្ថិរ ជាមួយនឹងនិន្នាការប្រវត្តិសាស្ត្រ។ ថ្វីបើយើងមានលក្ខខណ្ឌ ក្នុងប្រទេសនីមួយៗ មានលក្ខណៈខុសៗគ្នាក៏ដោយ ក៏ក្រុមប្រទេស BRICS បានចូលរួមប្តេជ្ញាជាមួយគ្នាក្នុងការបន្តការអភិវឌ្ឍ និងវិបុលភាពតាមរយៈភាពជាដៃគូសហការផងដែរ។

ដូចទៅនឹងប្រសាសន៍ដ៏សាមញ្ញ តែពោរពេញដោយអត្ថន័យ មហាសាលរបស់លោក Xi Jinping ដែលបានថ្លែងថា «ខិតខំធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការកាន់តែធំ កម្លាំងនៃភាពឈានទៅមុន កាន់តែប្រមូលផ្ដុំ កាន់តែខ្លាំងឡើងៗ»។ ចិនតែងអនុវត្តស្របតាមពាក្យសម្តីរបស់ខ្លួន ឬអាចនិយាយម្យ៉ាងទៀតថា ចិនយកសម្តី និងទទួលខុសត្រូវ ចំពោះសម្តីរបស់ខ្លួន ដែលនេះបានជំរុញនិងលើកទឹកចិត្តឱ្យសហគមន៍អន្តរជាតិ តែងចូលរួមប្រកៀកស្មារជាមួយចិននៅក្នុងគំនិតផ្តួចផ្តើមជាច្រើន ដែលបានផ្តើមឡើងដោយប្រទេសចិន បានជួយដល់ក្រុមប្រទេស BRICS យកឈ្នះនូវភាពខុសគ្នារវាងគ្នា ហើយរួមគ្នាឈរលើមូលដ្ឋានឈ្នះ-ឈ្នះ ក្នុងការផ្តល់ផលប្រយោជន៍រួមកាន់ច្រើន។

ដូចដែលសុភាសិតចិនធ្លាប់បានលើកឡើងថា «ភាពជាដៃគូគ្នានឹងបោះជំហានទៅមុខជាមួយគ្នាប្រកបដោយវិធីសាស្រ្ត ដ៏ត្រឹមត្រូវដោយមិនគិតពីចម្ងាយភូមិសាស្រ្ត វាស្អិតជាប់ជាងកាវ និងមានភាពរឹងមាំជាងដែកថែបនិងថ្មទៅទៀត»។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេស BRICS កើតឡើងចេញពីវិធីសាស្រ្តត្រឹមត្រូវ ហើយក្រោមការដឹកនាំរបស់វិធីសាស្រ្តនេះ ប្រទេសចិនបានផ្តួចផ្តើម នូវគំនិតនិងប្រាជ្ញាជាច្រើនដើម្បីគោរព និងគាំទ្រគ្នាទៅវិញទៅមក ជំរុញល្បឿននៃការអនុវត្តតាមមាគ៌ា នៃការអភិវឌ្ឍដែលសមស្របនឹង លក្ខខណ្ឌជាតិនីមួយៗ ហើយដោយរួមបញ្ចូលគ្នា ក្រុមប្រទេស BRICS បានគ្របដណ្តប់ប្រហែល៣0% នៃផ្ទៃផែនដីរបស់ពិភពលោក និង៤៥%នៃចំនួនប្រជាជនពិភពលោក រួមជាមួយនឹងផលិតផលក្នុងស្រុក សរុបចំនួន២៧% នៃផលិតផលសរុបពិភពលោក។

ក្រុមប្រទេសBRICS ដែលអនុវត្តនូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវសមភាព បាននិងកំពុងធ្វើដំណើរឆ្ពោះទៅមុខ ជាមួយនឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងប្រជាជន នៅក្នុងស្មារតីបើកចំហ ប្រកបដោយបរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងទម្រង់ពហុប៉ូល ហើយបានធ្វើការយ៉ាង ស្រុះស្រួលគ្នាជាមួយ បណ្តាប្រទេសកំពុងអភិវឌ្ឍនានាដែលកំពុងរីកចម្រើន ដើម្បីលើកស្ទួយយុត្តិធម៌ និងសមធម៌អន្ដរជាតិ ហើយជំរុញបរិយាកាសសន្តិភាព និងការអភិវឌ្ឍ។

នៅក្នុងបរិបទដែលមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញនៅក្នុងពិភពលោក កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេស BRICS កាន់តែមានសារៈសំខាន់។ ប្រជាជននិងប្រទេសចិន រួមជាមួយប្រទេសទាំងអស់ដែលជាសមាជិករបស់BRIC និង BRICS+ រំពឹងលើប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ សហគមន៍អន្តរជាតិ ក៏តែងថ្លែងនូវការកោតសរសើរ ចំពោះបុរេសកម្មរបស់ប្រទេសចិន ក្នុងការបន្តយន្តការចូលរួមចំណែកដល់ សន្តិភាពរបស់ពិភពលោក និងការពង្រីកកាលានុវត្តភាព នៃការអភិវឌ្ឍរួមរបស់ ពិភពលោកផងដែរ។ សម្រាប់ BRICS ពិភពលោកបានសម្លឹងយ៉ាងយកចិត្តទុកដាក់ លើតួនាទីរបស់ប្រទេសចិនដែលតែងបង្កើន កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីពង្រឹងភាពជាដៃគូ កាន់តែរឹងមាំ របស់ក្រុមប្រទេស BRICS ហើយចិនបានផ្តួចផ្តើមនៅក្នុងការបើកទំព័រសករាជថ្មី នៃ«ទសវត្សរ៍មាសទី២» នៃកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេស BRICS។ ប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិគឺជាកត្តាលីករ និងជាចក្ខុវិស័យប្រកបដោយត្រីវិស័យដ៏ត្រឹមត្រូវ ក្នុងការរចនាពិភពលោកមួយ ដោយមានក្រុមប្រទេស BRICS ជាកម្លាំងចលករក្នុងការបង្កើនចរន្តពហុប៉ូល និងថែរក្សាសន្តិភាពសម្រាប់ពិភពលោក។

គំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ប្រទេសចិន បានក្លាយជាយន្តការដ៏សំខាន់នៃភាពរស់រវើកលើទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងប្រជាជននិងប្រជាជនដែលពិភពលោក កាន់តែមានសេចក្តីរីករាយ ដោយអាចកត់សម្គាល់ឃើញថា សកម្មភាពជាច្រើនដែលបានផ្តួចផ្តើម ដោយប្រទេសចិនតាមរយៈការផ្លាស់ប្តូររវាងប្រជាជន គឺកំពុងប្រែក្លាយក្រុមប្រទេស BRICS ឲ្យទៅជាគំរូនៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ។

នៅឆ្នាំ២០២៤នេះ ប្រទេសចិនបានធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែធំជាងមុន រវាងប្រជាជននៃក្រុមប្រទេសBRICS ហើយតាមរយៈសុខដុមនីយកម្ម រវាងប្រជាជាតិនៃក្រុមប្រទេស BRICS ពិភពលោកពិតជាអាចវាយតម្លៃរួមគ្នាថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមប្រទេស BRICS ដែលមានប្រទេសចិនជាអ្នកផ្តួចផ្តើម ពិតជាសកម្មភាពដែលជំរុញឱ្យ មនុស្សជាតិចូលរួម ប្រកៀកស្មាគ្នា និងលើកទឹកចិត្ត ដល់ប្រទេសនានាសហការជាមួយក្រុមប្រទេស BRICS លើការផ្លាស់ប្តូរយ៉ាងរស់រវើក នូវវប្បធម៌ចម្រុះរបស់មនុស្សជាតិ។ ប្រទេសចិនយល់ច្បាស់ណាស់ថា «មានតែការមើលថែទាំដោយយកចិត្តទុកដាក់ ប៉ុណ្ណោះទេ ទើបអាចធ្វើឲ្យដើមឈើនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេស BRICS បានរីកធំធាត់»។

ដូចទៅនឹងសកម្មភាពជាក់ស្តែងដែលប្រទេសចិនបាននិងកំពុងអនុវត្តទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី ប្រទេសចិនចាត់ទុក ការបង្កើនការផ្លាស់ប្តូររវាងប្រជាជន រំលេចឱ្យឃើញកាន់តែច្បាស់ ពីស្មារតី នៃភាពជាដៃគូសហការ ដែលជ្រោមជ្រែងដោយក្រុមប្រទេស BRICS និងជាបុព្វហេតុដ៏សក្ដិសមសម្រាប់មនុស្សជាតិ ដែលសមស្របទៅនឹងការប្តេជ្ញាចិត្ត ដ៏យូរអង្វែងរបស់ ក្រុមប្រទេស BRICS ដោយមានប្រទេសចិនជាអ្នកផ្តួចផ្តើម។

ជារួម រយៈពេល ៧៥ ឆ្នាំមកនេះ សហគមន៍អន្តរជាតិបានយល់ដឹងច្បាស់ និងកាន់តែស៊ីជម្រៅពីតួនាទីថែរក្សា សន្តិភាពរបស់ប្រទេសចិនចំពោះពិភពលោក ហើយប្រទេសចិនមិនរាថយក្នុង កិច្ចចូលរួមថែរក្សាបាននូវផលប្រយោជន៍សន្តិភាព និងការអភិវឌ្ឍសម្រាប់ពិភពលោក ដែលក្នុងនោះចិនដើរតួនាទីកាន់តែសកម្ម នៅក្នុងក្រុមប្រទេស BRICS ។ ឆ្នាំ២០២៤នេះ បានស្តែងឱ្យឃើញពី តួនាទីរបស់ប្រទេសចិនក្នុងការលើកទឹកចិត្ត ដល់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ហើយជាងពេលណាៗទាំងអស់ដែលសហគមន៍អន្តរជាតិ ត្រូវខំបន្តកិច្ចសហការ ជាមួយប្រទេសចិន និងគាំទ្ររាល់គំនិតផ្តួចផ្តើមនានារបស់ប្រទេសចិន ការគាំទ្រនិងចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីប្រកៀកស្មារជាមួយចិន ក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើម របស់ចិនស្តីពីអភិបាលកិច្ចជាសកល សន្តិសុខសកល និងអភិវឌ្ឍសកល ស្របតាមគោលគំនិតដើមរួមគ្នាស្តីពី ការប្រកាន់ខ្ជាប់ដោយឥតងាករេនូវពហុភាគីនិយម ការប្រកាន់ខ្ជាប់ដោយភក្តីភាព ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រកាន់ខ្ជាប់ដោយឥតរាថយ នូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិកសមាគមមិត្តភាពកម្ពុជា-ចិន