(យូអិន)៖ អំឡុងជំនួបកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថាសង្រ្គាមឈ្លានពានរបស់លោកនៅអ៊ុយក្រែន គឺរំលោភធម្មនុញ្ញ UN និងច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤។

លោក Guterres បានជួបលោក ពូទីន នៅក្រៅកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុង Kazan នៃប្រទេសរុស្ស៉ី បន្ទាប់ពីរូបលោក បានថ្លែងសុន្ទរកថាមួយ ដែលអំពាវនាវឱ្យមាន សន្តិភាពប្រកបដោយយុត្តិធម៌ នៅអ៊ុយក្រែន។ បើតាមអ្នកនាំពាក្យរបស់លោក Guterres អំឡុងការជួបមុខគ្នានោះ លោកអគ្គលេខាធិការ UN បានបញ្ជាក់ជាថ្មីនូវជំហរដែលថា ការឈ្លានពានរបស់រុស្ស៉ីលើ​អ៊ុយក្រែន ជាទង្វើរំលោភបំពានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ព្រមទាំងច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា វត្តមានរបស់លោក Guterres នៅឯកិច្ចប្រជុំ BRICS ក្នុងប្រទេសរុស្ស៉ី ហើយនិងជំនួបជាមួយលោក ពូទីន ក៏ត្រូវបានរិះគន់ដោយអ៊ុយក្រែនផងដែរ។ លោក Guterres និងលោក ពូទីន បានជួបមុខគ្នាជាលើកចុងក្រោយ កាលពីខែមេសា ឆ្នាំ២០២២ ពោលគឺប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៉ី បានបញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែន៕