(ប៉េកាំង)៖ ថ្ងៃទី ២៤ ខែតុលាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម កិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ “ BRICS បូក ” ដែលបើកធ្វើនៅទីក្រុង Kazan ប្រទេសរុស្ស៊ី ។ លោកបានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ ក្រោមចំណងជើងថា «ប្រមូលផ្តុំកម្លាំងចលករដ៏ខ្លាំងក្លានៃ “សកលខាងត្បូង” រួមគ្នាជំរុញការកសាងសហគមន៍រួមជោគវាសនា របស់មនុស្សជាតិ»

លោក Xi Jinping បានលើកឡើងថា ការងើបឡើងជាក្រុមនៃប្រទេសសកលខាងត្បូង ជានិមិត្តសញ្ញាដ៏ច្បាស់លាស់ នៃការប្រែប្រួលនិម្មបនកម្មនៃសកលលោក។ ការដែល ប្រទេសសកលខាងត្បូងឆ្ពោះទៅរកទំនើបកម្ម ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្ត្រពិភពលោកផង ហើយក៏ជាហេតុការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មាន ក្នុងដំណើរការអរិយធម៌ នៃមនុស្សជាតិផងដែរ ។ ព្រមជាមួយគ្នានេះ សន្តិភាពនិងវឌ្ឍនភាពសកលនៅតែប្រឈមនឹងបញ្ហាដ៏ម៉ឺងម៉ាត់ មាគ៌ាស្តារឡើងវិញនៃសកលខាងត្បូង មិនងាយស្រួលឡើយ។ ក្នុងនាមជាក្រុមឈានមុខនៃសកលខាងត្បូង “ BRICS បូក ” គួរបង្ហាញពីតម្រិះប្រាជ្ញានិងកម្លាំង ជាសមូហភាព ដើម្បីរ៉ាប់រងទំនួលខុសត្រូវជាសំខាន់ ក្នុងការកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា យើងត្រូវស្តារការអភិវឌ្ឍឡើងវិញ ដើម្បីសម្រេចបាននូវភាពរុងរឿងជាទូទៅ។យើងត្រូវធ្វើជាកម្លាំងដ៏រឹងមាំនៃការអភិវឌ្ឍរួម ចូលរួមយ៉ាងសកម្ម និងដឹកនាំកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចសកល ព្រមទាំងជំរុញការចាត់ទុកការអភិវឌ្ឍជាស្នូលក្នុងរបៀវារៈសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។ ៣ឆ្នាំបន្ទាប់ពីការលើកឡើង គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល យើងបានបំផុសឱ្យមានការវិនិយោគប្រាក់ទុនអភិវឌ្ឍន៍ ក្នុងទំហំជិត២០ប៊ីលានដុល្លារអាមេរិក ត្រូវជាជាង១១០០គម្រោង។ មជ្ឈមណ្ឌលសម្ព័ន្ធ ភាពវៃឆ្លាតសិប្បនិមិត្ត ផ្នែកឧស្សាហកម្មនិងកម្មន្តសាល ត្រូវបានបង្កើតឡើង ទីក្រុងសៀងហៃ ភាគីចិននឹងកសាងវេទិកាសហប្រតិបត្តិការ តាមអនឡាញស្តីពី “ពន្ធគយវៃឆ្លាត” សកលនិងមជ្ឈមណ្ឌលគំរូ ផ្នែកគយរបស់ប្រទេស BRICS ហើយស្វាគមន៍ប្រទេសនានាចូលរួមយ៉ាងសកម្ម។

លោក Xi Jinping បានគូសបញ្ជាក់ថា យើងត្រូវតែរួមគ្នាអភិវឌ្ឍអរិយធម៌ និងសម្រេចបាននូវភាពពិពិធកម្ម និងភាពសុខដុមរមនា។ យើងត្រូវធ្វើជាកម្លាំងចលករ សម្រាប់ការរៀនសូត្រ ពីអរិយធម៌ទៅវិញទៅមក បង្កើនការប្រាស្រ័យទាក់ទង និងការសន្ទនា និងគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រកាន់យក នូវមាគ៌ាទំនើបភាវូបនីយកម្មដែលសមស្របនឹង លក្ខខណ្ឌជាតិរបស់ខ្លួន។ ប្រទេសចិននឹងនាំមុខក្នុងការបង្កើតសម្ព័ន្ធសហប្រតិបត្តិការ ធនាគារគំនិតសកលខាងត្បូង ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការរៀនសូត្របទពិសោធអភិបាលកិច្ចជាតិ ទៅវិញទៅមក។

លោក Xi Jinping បានសង្កត់ធ្ងន់ថា សន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការចាត់ចែងរៀបចំជាប្រព័ន្ធ ចំពោះការធ្វើកំណែទម្រង់ យ៉ាងស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ថែមមួយកម្រិតទៀត ដើម្បីជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដែលចាំបាច់នឹងផ្តល់កាលានុវត្តភាព កាន់តែច្រើនដល់សកលលោក។ មិនថា សភាពការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិនយកចិត្តទុកដាក់លើសកលខាងត្បូងជានិច្ច ចាក់ឬស ក្នុងសកលខាងត្បូងជានិច្ច ហើយគាំទ្រប្រទេសសកលខាងត្បូងចំនួន កាន់តែច្រើនចូលរួម ក្នុងការកសាងបុព្វហេតុប្រទេស BRICS ប្រមូលផ្តុំនូវកម្លាំងចលករដ៏ខ្លាំងក្លានៃសកលខាងត្បូង ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍រួមជោគវាសនារបស់មនុស្សជាតិ។

លោក ភូទីន ប្រធានាធិបតីរុស្ស៊ីធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំ។ លោក Abdel-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង និងតំណាងប្រទេសប្រេស៊ីល ឥណ្ឌា អេមីរ៉ាអារ៉ាប់រួម អារ៉ាប៊ីហ្សាអូឌីត អេត្យូពី , ថ្នាក់ដឹកនាំឬតំណាងចំនួន២៥ នាក់នៃប្រទេស ដែលត្រូវអញ្ជើញចូលរួមជាកិត្តិយស ព្រមទាំងអ្នកទទួលខុសត្រូវនៃអង្គារអន្តរជាតិចំនួន៦នាក់ ដូចជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ទេសភិបាលធនាគារអភិវឌ្ឍន៍ថ្មីជាដើម មានវត្តមានក្នុងកិច្ចប្រជុំនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន