(មជ្ឈិមបូព៌ា)៖ ប្រទេសអ៉ីរ៉ាក់ បានសម្រេចផ្អាកចរាចរណ៍ផ្លូវអាកាសទាំងអស់ នាថ្ងៃសៅរ៍នេះ នៅតាមអាកាសយានដ្ឋានរបស់ខ្លួន រហូតដល់ពេលមានការជូនដំណឹងបន្ថែម បន្ទាប់ពីអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៉ីរ៉ង់ ដើម្បីសងសឹក ហើយអ៉ីរ៉ង់ផ្ទាល់ ក៏បានសម្រេចផ្អាកជើងហោះហើរទាំងអស់ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអ៉ីរ៉ាក់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ដោយសារតែភាពតានតឹងក្នុងតំបន់ ចរាចរណ៍ផ្លូវអាកាសនៅ​ប្រទេសអ៉ីរ៉ាក់ ត្រូវបានផ្អាករហូតដល់ពេល មានការជូនដំណឹងជាថ្មី ដើម្បីរក្សាសុវត្ថិភាពអាកាសចរណ៍ស៉ីវិល នៅក្នុងដែនអាកាសអ៉ីរ៉ាក់។ ប្រទេសអ៉ីរ៉ាក់ មានទីតាំងស្ថិតនៅចន្លោះប្រទេសអ៉ីស្រាអែល និងប្រទេសអ៉ីរ៉ង់។រីឯអ្នកនាំពាក្យអង្គការអាកាសចរណ៍ស៉ីវិលនៃប្រទេសអ៉ីរ៉ង់វិញ បាននិយាយថា ជើងហោះហើរគ្រប់ផ្លូវទាំងអស់ ត្រូវបានលុបចោល រហូតដល់ពេលមានការជូនដំណឹងបន្ថែម។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល នៅថ្ងៃសៅរ៍នេះ បានប្រកាសពីការធ្វើសកម្មភាពវាយប្រហារលើអ៉ីរ៉ង់ ដោយកំណត់គោលដៅលើ ទីតាំងយោធាជាការសងសឹកទៅ នឹងទីក្រុងតេហេរ៉ង់ សម្រាប់ការបាញ់មីស៊ីលបាលិស្ទីគលើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។ យោធាអ៉ីស្រាអែល បានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ដោយប្រើក្រុមយន្តហោះចម្បាំង បានត្រូវចំរោងចក្រផលិតមីស៉ីល ប្រព័ន្ធមីស៉ីលបាញ់ពីដីទៅអាកាស ព្រមទាំងចំសមត្ថភាពផ្លូវអាកាសដទៃទៀត នៅតំបន់មួយចំនួននៃប្រទេសអ៉ីរ៉ង់ រួមទាំងរដ្ឋធានីតេហេរ៉ង់។ ដោយឡែក អ៉ីរ៉ង់ធ្លាប់បានគំរាមថា នឹងសងសឹកអ៉ីស្រាអែលវិញ ប្រសិនបើអ៉ីស្រាអែល ហ៊ានវាយប្រហារលើខ្លួន៕