(ការ៉ាកាស)៖ សមាគមអ្នកសារព័ត៌មាន ក្នុងប្រទេសវ៉េណេស៊ុយអេឡា បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោក Nelin Escalante ដែលជាអ្នកកាសែត​ជើងចាស់​ម្នាក់​ បានបាត់ដំណឹង​តាំងពី​ថ្ងៃ​សុក្រមក ហើយទំនងជាត្រូវអាជ្ញាធរឃុំខ្លួន ក្នុង​រដ្ឋធានីការ៉ាកាស។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ ២០២៤។

លោក Nelin Escalante ជាអ្នកកាសែតឯករាជ្យម្នាក់ ដែលថ្មីៗនេះបានបង្ហោះវីដេអូមួយ និយាយពីតម្លៃលុយដុល្លារអាមេរិក នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា តាមគណនីបណ្តាញសង្គមរបស់គាត់។ សមាគមអ្នកកាសែតជាតិ CNP បានឱ្យដឹងថា លោក Escalante ត្រូវបានទីភ្នាក់ងារមួយ ដែលចំណុះឱ្យអគ្គនាយកដ្ឋានប្រឆាំងការស៉ើបការណ៍យោធា ឬ DGCIM នាំខ្លួនយកទៅ កាលពីរសៀលថ្ងៃសុក្រ។ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ Escalante បានបាត់ដំណឹងអស់រយៈពេល ៤៨ម៉ោងហើយ។ CNP ទាមទារឱ្យមានការផ្តល់ដំណឹង និងដោះលែងរូបលោកជាបន្ទាន់។ ដោយឡែក សហជីពអ្នកសារព័ត៌មាន SNTP ក៏បានឱ្យដឹងផងដែរថា មុនបាត់ដំណឹង Escalante បានទាក់ទងជាមួយសាច់ញាតិរបស់គាត់ ហើយប្រាប់ថាមានគេឃុំខ្លួនគាត់។

គួរបញ្ជាក់ថា រដ្ឋាភិបាលវ៉េណេស៊ុយអេឡា មិនទាន់ឆ្លើយតបទេចំពោះសំណើសុំការបំភ្លឺពី Reuters ជុំវិញករណីនេះ។ អង្គការសហប្រជាជាតិ កន្លងមកបានចោទប្រកាន់ DGCIM ពីការចាប់ខ្លួន និងធ្វើទារុណកម្មតាមអំពើចិត្ត៕