(វ៉ាស៊ីនតោន)៖ នៅពេលលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះលើលោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ត្រាំ បានហៅជ័យជម្នះនេះថាជាជោគជ័យដ៏ត្រចះត្រចង់។ ជ័យជម្នះរបស់លោកត្រាំ នៅពេលគ្រានោះ ក៏បង្កការភ្ញាក់ផ្អើលផងដែរ ក៏ព្រោះតែបើតាមសន្លឹកឆ្នោតជាក់ស្ដែងបោះដោយប្រជាជនអាមេរិក គឺលោកស្រី គ្លីនតុន ទៅវិញទេដែលសមជាអ្នកទទួលបានជ័យជម្នះ ដោយទទួលបានសំឡេងគាំទ្រពីប្រជាជនអាមេរិក ច្រើនជាងលោក ត្រាំ ដល់ទៅជិត ៣លាននាក់។

ក៏ប៉ុន្តែ នៅទីបំផុតទៅ លោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ដោយទទួលបានអង្គបោះឆ្នោតលើស ២៧០រូប។ នេះឯងជាប្រព័ន្ធបោះឆ្នោតអាមេរិកដែលបើទោះជាឈ្នះឆ្នោត ក៏មិនប្រាកដថានឹងជាប់ជាប្រធានាធិបតីនោះទេ។ ឥលូវនេះ ខណ​ៈការប្រកួតប្រជែងរវាងលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងចូល មកដល់នៅថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០២៤ ប្រព័ន្ធបោះឆ្នោតដែលអ្នកខ្លះហៅថាចាស់គំរិល និងមិនមានប្រជាធិបតេយ្យពេញលេញបានត្រឡប់មកវិញសាជាថ្មី។

* ហេតុអ្វីត្រូវបោះឆ្នោតតាមរយៈអង្គបោះឆ្នោត ឬ Electoral College?
អង្គបោះឆ្នោតមានសមាជិកចំនួន ៥៣៨រូប ហើយពួកគេនឹងត្រូវជួបប្រជុំគ្នានៅតាមរដ្ឋធានីរបស់ពួកគេរៀងៗខ្លួន នៅក្រោយការបោះឆ្នោត ដើម្បីសម្រេចថាតើនរណាជាឈ្នះ។ ដើម្បីជាប់ឆ្នោតជា ប្រធានាធិបតី បេក្ខជនប្រធានាធិបតីម្នាក់ត្រូវតែប្រមូលឱ្យបាននូវសំឡេងគាំទ្រលើស ឬយ៉ាងហោច ២៧០ នៃអង្គបោះឆ្នោតសរុបទាំង៥៣៨រូប។ ប្រព័ន្ធបោះឆ្នោតដោយអង្គបោះឆ្នោតនេះ ត្រូវបានបង្កើតឡើង តាំងតែពីឆ្នាំ១៧៨៧មកម្ល៉េះ ដែលបានកំណត់ពីការជ្រើសរើសប្រធានាធិបតីដោយប្រយោល និងការបោះឆ្នោតប្រធានាធិបតីមានតែមួយជុំ។

ស្ថាបនិកនៃប្រព័ន្ធបោះឆ្នោតនេះយល់ថាប្រព័ន្ធបោះឆ្នោតតាមរយៈអង្គបោះឆ្នោត គឺជាការរួមផ្សំបញ្ចូលគ្នារវាងការបោះឆ្នោតប្រធានាធិបតីដោយផ្ទាល់ជាមួយការបោះឆ្នោតសកល និងការបោះឆ្នោត មួយ ដោយសមាជិកសភា។ ប៉ុន្តែ អ្នកខ្លះចាត់ទុកថាប្រព័ន្ធបោះឆ្នោតបែបនេះមិនមានលក្ខណៈប្រជាធិបតេយ្យពេញលេញ។ នៅក្នុងចំណោមរដ្ឋទាំង៥0 របស់សហរដ្ឋអាមេរិក មានរដ្ឋមួយចំនួន បោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យរហូត និងមួយចំនួនទៀត បោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋរហូត។ ចំណែក swing states គឺជារដ្ឋដែលប្រជាជនអាមេរិកមានពេលខ្លះបោះឆ្នោតឱ្យ បក្សប្រជាធិបតេយ្យ និងពេលខ្លះបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋ។ ដូច្នេះហើយ ទើបបេក្ខជនប្រធានាធិបតីអាមេរិកតែងតែចំណាយពេលយ៉ាងច្រើនដើម្បីផ្តោតលើរដ្ឋ «swing states»។

អស់រយៈពេលរាប់ទសវត្សរ៍មកនេះ មានការស្នើសុំជាច្រើនដើម្បីធ្វើវិសោធនកម្មប្រព័ន្ធបោះឆ្នោតអាមេរិក។ តែមិនទទួលបានជោគជ័យនោះទេ។ ដូច្នេះប្រសិនបើការបោះឆ្នោតក្នុងឆ្នាំ២០២៤នេះ រវាងលោក ត្រាំ និងលោកស្រី ហារីស មានលទ្ធផលដូចគ្នាទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៦ នោះប្រព័ន្ធបោះឆ្នោតតាមរយៈអង្គបោះឆ្នោត អាចនឹងត្រឡប់មកក្លាយជាប្រធានបទក្ដៅសាជាថ្មី។

* តើនរណាជាអង្គបោះឆ្នោតទាំង ៥៣៨រូប?
អង្គបោះឆ្នោត ឬ Electoral College គឺជាក្រុមបុគ្គលដែលមានភារកិច្ចបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក និងអនុប្រធានាធិបតីដោយផ្ទាល់។ រដ្ឋនីមួយៗទាំង ៥០ នៅក្នុងសហរដ្ឋអាមេរិក មានសមាជិកក្នុងអង្គបោះឆ្នោត សមាមាត្រគ្នាទៅនឹងចំនួនសមាជិកសភាសហព័ន្ធប្រចាំរដ្ឋរបស់ខ្លួន។ តែមិនមែនមានន័យថាសមាជិកសភា គឺជាអង្គបោះឆ្នោតនោះទេ។ ពោលគឺអង្គបោះឆ្នោត និងសមាជិកសភាជាមនុស្ស២ផ្សេងពីគ្នា។ អង្គបោះឆ្នោតភាគច្រើនជាមន្ត្រីជាប់ឆ្នោតប្រចាំមណ្ឌល ឬក៏ជាថ្នាក់ដឹកនាំគណបក្ស ប៉ុន្តែឈ្មោះរបស់ពួកគេមិនត្រូវបានដាក់នៅលើសន្លឹកឆ្នោតនោះទេ រីឯអត្តសញ្ញាណរបស់ពួកគេភាគច្រើនលើសលុបក៏មិនត្រូវបានឱ្យអ្នកបោះឆ្នោតស្គាល់នោះដែរ។

សរុបមកវិញ រដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិក មានចំនួនអង្គបោះឆ្នោតស្មើគ្នានឹងចំនួនអ្នកតំណាងរាស្ត្ររបស់ពួកគេនៅក្នុងសភាទាំង២ គឺរដ្ឋសភា និងព្រឹទ្ធសភា។ បានន័យថារដ្ឋនីមួយៗដែលមាន សមាជិករដ្ឋសភា មានចំនួនកំណត់អាស្រ័យលើចំនួនប្រជាជននៃរដ្ឋនីមួយៗ បូកជាមួយសមាជិកព្រឹទ្ធសភាដែលរដ្ឋមួយៗមាន ២រូបស្មើៗគ្នា។

ឧទាហរណ៍៖ ព្រឹទ្ធសភាអាមេរិកមានសមាជិក ១០០រូប រីឯសភាតំណាងរាស្រ្ត ឬរដ្ឋសភាមានសមាជិក ៤៣៥រូប ដោយបូកបញ្ចូលគ្នាមាន ៥៣៥រូប។ តែដោយសារ រដ្ឋធានីវ៉ាស៊ីនតោន ឬគេស្គាល់ថា «District of Columbia» ដែលមិនមែនជារដ្ឋ និងមិនមានតំណាងនៅក្នុងសភាទាំង២របស់សហរដ្ឋអាមេរិក ត្រូវបានគេផ្ដល់អង្គបោះឆ្នោតឱ្យ៣រូប ទើបធ្វើឱ្យចំនួនអង្គបោះឆ្នោតសរុបមាន ៥៣៨រូប។

គួរបញ្ជាក់ថា អង្គបោះឆ្នោតនឹងត្រូវជួបជុំគ្នានៅតាមរដ្ឋរបស់ពួកគេរៀងៗខ្លួន នៅថ្ងៃទី១៧ ខែធ្នូ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី។ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ សភាទាំង២របស់សហរដ្ឋអាមេរិកនឹងបើកសម័យប្រជុំរបស់ខ្លួន ដើម្បីប្រកាសទទួលស្គាល់អ្នកទទួលបានជ័យជម្នះ ហើយដល់ថ្ងៃទី២០ ខែមករា ប្រធានាធិបតីថ្មីនឹងស្បថចូលកាន់តំណែង៕