(ប៉ិនហាក)៖ យោធាន័រវែសបានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសន័រវែសបានចុះកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ដើម្បីទិញមីស៊ីលការពារដែនអាកាស AIM-120C-8 AMRAAM ក្នុងតម្លៃជាង ៣៦០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍មួយពីទីភ្នាក់ងារសម្ភារៈការពារជាតិន័រវេស រដ្ឋមន្រ្តីការពារជាតិលោក Björn Arild Gramm បាននិយាយថា «ជាមួយនឹងមីស៊ីលថ្មីៗបន្ថែមទៀត កងកម្លាំងប្រដាប់អាវុធន័រវេសនឹងមានសមត្ថភាពប្រសើរជាងមុនក្នុងការការពារប្រទេសន័រវេសពីការវាយប្រហារតាមអាកាស»

ទន្ទឹមគ្នានេះ លោកបានបញ្ជាក់ថា មីស៊ីលទាំងនោះ នឹងត្រូវប្រើប្រាស់ជាចម្បងសម្រាប់ប្រព័ន្ធការពារដែនអាកាសនៅលើដី ប៉ុន្តែក៏អាចបំពាក់នៅលើយន្តហោះចម្បាំង F-35A របស់ន័រវែសបានផងដែរ។

គួរបញ្ជាក់ថា នេះគឺជាការបញ្ជាទិញសព្វាវុធដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ន័រវែស។ ន័រវេសដែលជាសមាជិកអង្គការណាតូ និងមានព្រំដែនជាប់ជាមួយរុស្ស៊ីបានសន្យាថា នឹងបង្កើនការចំណាយលើវិស័យការពារជាតិ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន៕