(អេស្ប៉ាញ)៖ យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និង ១១នាក់ទៀតរងរបួស ក្នុងអគ្គីភ័យដ៏សន្ធោសន្ធៅមួយ ដែលបានឆាបឆេះផ្ទះថែទាំងសម្រាប់មនុស្សចូលនិវត្តន៍មួយកន្លែង នៅភាគខាងជើងប្រទេសអេស្ប៉ាញ កាលពីព្រឹកព្រលឹមថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជនរងគ្រោះទាំងអស់ គឺជាមនុស្សចាស់ដែលរស់នៅក្នុងផ្ទះថែទាំ Jardines de Villafranca ដែលជាមជ្ឈមណ្ឌលសម្រាប់អ្នកជំងឺដែលមានបញ្ហាសុខភាពផ្លូវចិត្ត។

អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ៥ព្រឹក ហើយវាបានចំណាយពេលប្រហែល ២ម៉ោងដើម្បីពន្លត់។ មន្ត្រីជាន់ខ្ពស់បានប្រាប់អ្នកសារព័ត៌មានថា អគ្គីភ័យបានចាប់ផ្តើមនៅក្នុងបន្ទប់មួយនៃផ្ទះថែទាំ ហើយបានរាលដាលយ៉ាងឆាប់រហ័ស។ អ្នកស្លាប់ភាគច្រើនគឺបណ្តាលមកពីការស្រូបផ្សែង។

ប្រធានតំបន់ Aragon លោក Jorge Azcon បានថ្លែងថា សោកនាដកម្មអាចកាន់តែអាក្រក់ ប្រសិនបើភ្លើងឆេះរាលដាលទៅបន្ទប់ផ្សេងទៀត។ លោកបានបន្ថែមថា អាជ្ញាធរ នឹងបើកការស៊ើបអង្កេត ដើម្បីរកមូលហេតុនៃអគ្គីភ័យនេះ៕