(កូឡុំបូ)៖ ក្រុមបក្សចម្រុះឆ្វេងនិយV ដែលដឹកនាំដោយគណបក្សរបស់ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake ទទួលបានជ័យជម្នះយ៉ាងគគ្រឹកគគ្រេង ក្នុងការបោះឆ្នោតសភាដោយទទួលបានអាសនៈគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការកាត់បន្ថយភាពក្រីក្រ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសកោះដែលកំពុងងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជ័យជម្នះនេះត្រូវបានចាត់ទុកថា ជាការបោះឆ្នោតដ៏ប្រវត្តិសាស្ត្រដែលបង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយចំពោះការផ្លាស់ប្តូរ និងការរួបរួមជាតិ។ ការគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើល ពីតំបន់ភាគខាងជើង និងខាងកើត ដែលជាទីលំនៅរបស់ជនជាតិភាគតិចតាមិល បានរួមចំណែកដល់ជ័យជម្នះនេះ។ អ្នកវិភាគជឿជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះ នឹងជួយពង្រឹងស្ថិរភាពនយោបាយ នៅក្នុងប្រទេសស្រីលង្កា។

ទោះជាយ៉ាងណា ក៏មានការព្រួយបារម្ភ អំពីភាពមិនប្រាកដប្រជា នៃគោលនយោបាយសេដ្ឋកិច្ចនិងបញ្ហាប្រឈមក្នុងការដឹកនាំរដ្ឋាភិបាល ដោយសារកង្វះខាតអ្នកដឹកនាំដែលមានបទពិសោធន៍។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ស្រីលង្កាបានប្រកាសក្ស័យធនដោយសារបំណុលរបស់រដ្ឋច្រើនលើសលប់។ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនេះ បាននាំឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការដួលរលំនៃរដ្ឋាភិបាល។ ក្រោយមក ស្រីលង្កាបានចុះកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីទទួលបានប្រាក់កម្ចី ជាថ្នូរនឹងការអនុវត្តកំណែទម្រង់សេដ្ឋកិច្ច។

បច្ចុប្បន្ន ប្រធានាធិបតីថ្មី លោក Anura Kumara បានប្តេជ្ញាថា នឹងសហការជាមួយ IMF ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោកនឹងព្យាយាមចរចាឡើងវិញ នូវលក្ខខណ្ឌមួយចំនួនដែលលោកយល់ថា មិនអំណោយផលដល់ស្រីលង្កា។ IMF បានបង្ហាញពីការបើកចំហក្នុងការពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នាជាមួយរដ្ឋាភិបាលស្រីលង្កា៕