(លីម៉ា,​ប៉េរូ)៖​ នៅខាងក្រៅកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក​ (APEC) ក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ​ ប្រធានាធិបតីចិន លោក ស៉ី​ ជីនពីង​ បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន​ លោក Shigeru Ishiba ថា ប្រទេសចិនសង្ឃឹមថាប្រទេសជប៉ុន​ នឹងដោះស្រាយបានត្រឹមត្រូវ​ ជុំវិញបញ្ហាសំខាន់ៗដូចជាប្រវត្តិសាស្រ្ត និងតៃវ៉ាន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤។

លោក ស៉ី​ ក៏បានអំពាវនាវឱ្យប្រទេសជិតខាងអាស៊ីទាំងពីរ​នេះ​ រួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មសេរីសកល ក៏ដូចជាខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ដែលមានស្ថិរភាពដោយគ្មានការរារាំងផងដែរ។ ចំណែក​ លោក​ Ishiba បានប្រាប់លោក​ ស៉ី​ ពីបំណងកសាងទំនាក់ទំនងប្រកបដោយការស្ថាបនា និងស្ថិរភាព​ ប៉ុន្តែស្នើចិនលុបចោលការហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុន និងពង្រឹងវិធានការសុវត្ថិភាពសម្រាប់ជនជាតិជប៉ុន​ នៅក្នុងប្រទេសចិន​ ហើយសម្តែងការព្រួយបារម្ភអំពីសកម្មភាពដែនសមុទ្ររបស់ចិន។

គួរបញ្ជាក់ថា​ នេះជា​ជំនួប​លើក​ដំបូង​ជាមួយ​ លោក​ ស៉ី​ ជីនពីង​ គិតចាប់តាំងពីលោក Ishiba ចូល​កាន់​តំណែង​ក្នុង​ខែ​តុលា។ ប៉ុន្មានខែមកនេះ ក្រុមមន្ត្រីចិន និងជប៉ុនបានផ្លាស់ប្តូរកិច្ចពិភាក្សាពិគ្រោះយោបល់ជាបន្តបន្ទាប់​ ដែលជាសញ្ញាបង្ហាញពីស្ថិរភាពនៃការធ្វេីតេស្តទំនាក់ទំនងប្រទេសទាំងពីរ៕