(បែរឡាំង)៖​ អធិការបតីអាល្លឺម៉ង់​ លោក Olaf Scholz បាននិយាយជាមួយប្រធានាធិបតីរុស្ស៉ី​ លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍​ និងជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ ខណៈមេដឹកនាំអាល្លឺម៉ង់ត្រៀមរៀបចំការបោះឆ្នោតមួយ ហើយអឺរ៉ុបកំពុងរង់ចាំស្តាប់ផែនការបញ្ចប់សង្រ្គាមអ៊ុយក្រែនរបស់លោក​ ត្រាំ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤។

រដ្ឋាភិបាលអាល្លឺម៉ង់​ បានឱ្យដឹងថា នៅក្នុងការហៅទូរស័ព្ទមួយដែលរងការរិះគន់ភ្លាមៗពីប្រធានាធិបតីអ៊ុយក្រែន​ លោក Scholz បានជំរុញឱ្យលោក ពូទីន​ ដកកងកងទ័ពចេញពីអ៊ុយក្រែន ហើយចាប់ផ្តើមកិច្ចពិភាក្សាជាមួយទីក្រុងកៀវ​ ដែលនឹងបើកផ្លូវសម្រាប់សន្តិភាពដ៏ត្រឹមត្រូវ​ និងយូរអង្វែង។

តាមវិមានក្រឹមឡាំង​ ការសន្ទនានេះកើតឡើងតាមសំណើរបស់ទីក្រុងបែរឡាំង ហើយថាលោក​ ពូទីន​ បានប្រាប់លោក​ Scholz ថាកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន​ ត្រូវតែគិតគូរពីផលប្រយោជន៍សន្តិសុខរុស្ស៉ី​ ហើយឆ្លុះបញ្ចាំងពីការពិតនៃទឹកដីដែលរុស្ស៉ីកាត់បញ្ចូល។

គួរបញ្ជាក់ថា​ ប្រឈមមុខនឹងការបោះឆ្នោតមួយ​ នៅថ្ងៃទី២៣​ ខែកុម្ភៈ ក្រុមអ្នកប្រជាធិបតេយ្យសង្គមរបស់លោក​ Scholz កំពុងស្ថិតក្រោមសម្ពាធពីគណបក្សប្រជានិយម​ដែលចូលចិត្តរុស្ស៉ី​ ហេីយថារដ្ឋាភិបាលមិនបានធ្វេីនយោបាយការទូតគ្រប់គ្រាន់ដើម្បីបញ្ចប់សង្រ្គាម។​ ការហៅទូរស័ព្ទទៅកាន់លោក​ ពូទីន​ នេះក៏បានកេីតឡេីងមួយ​សប្តាហ៍​បន្ទាប់​ពី​លោក​ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី​អាមេរិក​បន្ទាប់​ ដោយលោកធ្លាប់និយាយថា​ អាចបញ្ចប់សង្រ្គាមបានយ៉ាងឆាប់រហ័ស​ និងរិះគន់ម្តងហើយម្តងទៀតអំពីទំហំនៃជំនួយរបស់លោកខាងលិច​ សម្រាប់អ៌ុយក្រែន៕