(លីម៉ា, ប៉េរូ)៖ អ្នកតំណាងតៃវ៉ាន់ បានជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំឡុងកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) និងបានអញ្ជើញលោក បៃដិន ឱ្យទៅបំពេញទស្សនកិច្ចកោះតៃវ៉ាន់នាពេលខាងមុខ ជាមួយនិងការផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
APEC គឺជាកិច្ចប្រជុំអន្តរជាតិមួយដែលតៃវ៉ាន់ និងចិន ចូលរួមដូចគ្នា ទោះបីមិនមានវត្តមានមេដឹកនាំតៃវ៉ាន់ក៏ដោយ។ លោក Lin Hsin-i ក៏បានថ្លែងអំណរគុណលោក បៃដិន ផងដែរ ចំពោះការរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ រយៈពេល ៤ឆ្នាំកន្លងមក។
សេតវិមានមិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ ថាតើលោក បៃដិន គម្រោងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ឬយ៉ាងណានោះទេ ខណៈដែលអាណត្តិប្រធានាធិបតីរបស់លោក នឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៥៕