(តេហេរ៉ង់)៖​ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៉ីរ៉ង់​ បាននិយាយថា​ អ៉ីរ៉ង់គាំទ្រការសម្រេចណាមួយដែលធ្វើឡើងដោយលីបង់​ ក្នុងកិច្ចពិភាក្សាដើម្បីទទួលបានបទឈប់បាញ់ជាមួយអ៉ីស្រាអែល​ ដែលជាសញ្ញាបង្ហាញថាទីក្រុងតេហេរ៉ង់​ ក៏ចង់ឃើញការបញ្ចប់សង្រ្គាមលេីក្រុមហេសបូឡា​ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤។

អ្នកនយោបាយជាន់ខ្ពស់ពីររូបរបស់លីបង់​ បានប្រាប់​ Reuters ថាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំលីបង់ បានបង្ហាញសេចក្តីព្រាងបទឈប់បាញ់មួយទៅកាន់ប្រធានសភានៃប្រទេសលីបង់ លោក​ Nabih Berri ក្នុងសប្តាហ៍នេះ​ ហេីយលោក​ Berri ដែលគាំទ្រដោយក្រុមហេសបូឡា​បានជួបមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់​ លោក​ Ali Larijani នៅថ្ងៃសុក្រ។​ ក្នុងសន្និសីទសារព័ត៌មាន​ នៅទីក្រុងបេរូត​ លោក Larijani គូសបញ្ជាក់ថា​ «យើងកំពុងស្វែងរកដំណោះស្រាយបញ្ហា។ យេីងគាំទ្រគ្រប់កាលៈទេសៈទាំងអស់ចំពោះរដ្ឋាភិបាលលីបង់។ អ្នកដែលរំខានគឺ អ៉ីស្រាអែលទៅវិញទេ»

កាសែត Washington Post បានរាយការណ៍ថា លោក Netanyahu កំពុងប្រញាប់ប្រញាល់ឆ្ពោះទៅរកបទឈប់បាញ់នៅលីបង់ ក្នុងបំណងបេីកផ្លូវមួយទៅឱ្យសម្ព័ន្ធមិត្តរបស់លោក គឺប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់​ ត្រាំ​ ជុំវិញការដោះស្រាយបញ្ហាសង្រ្គាម។ អ្នកការទូតម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅត្រូវការពេលវេលាបន្ថែមទៀតដើម្បីទទួលបានបទឈប់បាញ់មួយ ប៉ុន្តែសង្ឃឹមថាវាអាចសម្រេចបាន។

គួរបញ្ជាក់ថា​ រដ្ឋបាលអាមេរិកជិតផុតអាណត្តិ​ ហាក់ដូចជាចង់ទទួលបានបទឈប់បាញ់នៅលីបង់ដែរ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម​អ៉ីស្រាអែល​ នៅតំបន់ហ្កាហ្សាកំពុងជាប់គាំង៕