(សៅប៉ូឡូ)៖ ទាហាន រថពាសដែក និងនាវាកងទ័ពជើងទឹក ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខ អំឡុងពេលកិច្ចប្រជុំកំពូលនៃបណ្តាមេដឹកនាំមកពីប្រទេសមានសេដ្ឋកិច្ចរីកចម្រេីន G20 នាថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយ នៅឯសារមន្ទីរសិល្បៈទំនើបទីក្រុង Rio de Janeiro ប្រទេសប្រេស៉ីល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ចរាចរណ៍ផ្លូវអាកាស រួមទាំងការប្រើប្រាស់យន្តហោះដ្រូនក៏ត្រូវបានរឹតត្បិតផងដែរ ហើយលុបចោលជើងហោះហើររយៈពេលពីរថ្ងៃ នៅឯអាកាសយានដ្ឋានក្នុងស្រុក Santos Dumont ដែលស្ថិតនៅក្បែរកន្លែងរៀបចំកម្មវិធី។ អាជ្ញាធរមិនបានសម្រាកឡេីយបន្ទាប់ពីមានហេតុការណ៍វាយប្រហារដោយគ្រាប់បែកមិនបានសម្រេច នៅតុលាការកំពូលប្រេស៉ីល ក្នុងទីក្រុង Brasilia កាលពីថ្ងៃពុធ។
ទាហានបានដើរល្បាតជុំវិញសារមន្ទីរ ផ្លូវនានាត្រូវបានបិទមិនឱ្យធ្វើចរាចរណ៍ និងមានរថពាសដែកឈប់ចតនៅខាងក្រៅអគារដែលមេដឹកនាំ G20 នឹងជួបជុំគ្នា។ ទូកកងទ័ពជើងទឹក បានបេីកល្បាតតាមឆ្នេរសមុទ្រ Botafogo ខណៈទាហានម៉ារីន ហាត់សមរត់ចុះពីទូកដែលចតនៅលើឆ្នេរ។ រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានការច្បាប់ និងសណ្តាប់ធ្នាប់ ដោយការដាក់ពង្រាយកងកម្លាំងយោធាបណ្តោះអាសន្ន ជាមួយនិងសិទិ្ធអំណាចឃាត់ និងចាប់ខ្លួនជនសង្ស័យ។
គួរបញ្ជាក់ថា កម្លាំងសន្តិសុខសរុបមានចំនួន ២៦,០០០នាក់ រួមទាំងបុគ្គលិកយោធាចំនួន ២,៩០០នាក់ ដោយប៉ូលិសការពារនៅកន្លែងប្រជុំ៕