(លីម៉ា,​ ប៉េរូ)៖​ លោក​ ចូ​ បៃដិន​ ប្រធានាធិបតីអាមេរិក​ បានជួបមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង​ដេីម្បីពង្រឹងវឌ្ឍនភាពការទូត​ ខណៈរដ្ឋបាលថ្មីរបស់លោក ដូ​ ណាល់ត្រាំ ដែលនឹងមកដល់នៅខែមករា​ ឆ្នាំ​ ២០២៥​ អាចជាក្តីបារម្ភសម្រាប់សម្ព័ន្ធមិត្តអាមេរិកទាំងពីរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៦​ ឆ្នាំ​ ២០២៤។

កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) នៅទីក្រុងលីម៉ា ប្រទេសប៉េរូ​ បានបេីកឱកាសឱ្យ​លោក​ បៃដិន​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក​ Shigeru Ishiba ដែលចូលកាន់តំណែងកាលពីខែតុលា​ បានជួបមុខគ្នាផ្ទាល់។ ប្រទេសទាំងបី បានប្រកាសពីការបង្កើតលេខាធិការដ្ឋានត្រីភាគី សម្រាប់រៀបចំកិច្ចប្រជុំផ្លូវការ។

សេចក្តីថ្លែងការណ៍រួម​គូសបញ្ជាក់​ដូចច្នេះថា​ «​ជប៉ុន កូរ៉េខាងត្បូង និងអាមេរិក ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់មេដឹកនាំកូរ៉េខាងជើង និងរុស្ស៉ី​ ដើម្បីពង្រីកសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន»

គួរបញ្ជាក់ថា​ ការធ្វើឱ្យកូរ៉េខាងត្បូង និងជប៉ុនធ្វើការជាមួយគ្នាត្រូវបានចាត់ទុកថាជាសមិទ្ធិផលការទូតមួយក្នុងចំណោមសមិទ្ធិផលការទូតនៃអាណត្តិប្រធានាធិបតីរយៈពេល ៤ឆ្នាំរបស់លោក​ បៃដិន៕