(ប៉េកាំង)៖ អង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC ជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច ដែលមានកម្រិតខ្ពស់បំផុត គ្របដណ្តប់លើវិស័យធំទូលាយបំផុត និងមានឥទ្ធិពលខ្លាំងបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ APEC ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការគាំទ្រ ចំពោះកំណើនជានិរន្តរភាពនិងវិបុលភាព នៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក , កសាងមហាគ្រួសារអាស៊ី-ប៉ាស៊ីហ្វិកដែលមានភាពរស់រវើកនិងចុះសម្រុងគ្នា និងគាំពារសេរីភាពនិងការបើកទូលាយផ្នែកពាណិជ្ជកម្ម និងការវិនិយោគនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

យន្តការ APEC ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ជាបណ្តុំនៃអង្គភាពសេដ្ឋកិច្ចជិត ៦០ ភាគរយនៃពិភពលោក ដែលមានទំហំពាណិជ្ជកម្មស្មើនឹងជិតពាក់កណ្តាល នៃទំហំពាណិជ្ជកម្មពិភពលោក ។ ជាពិសេសគឺអង្គភាពសេដ្ឋកិច្ចធំៗដូចជាចិន អាមេរិក ជប៉ុនជាដើមសុទ្ធតែជាសមាជិកនៃ APEC ដែលអាចនិយាយបានថា ជាអ្នកកាន់ចង្កូតនៃសេដ្ឋកិច្ចពិភពលោក។

ជាក់ស្តែង គេសង្កេតឃើញថា មិនថាវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ ឬវិបត្តិជំងឺរាតត្បាតសកលដើមឆ្នាំ ២០២០ ក្តី ក៏សេដ្ឋកិច្ចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានងើបឡើងវិញមុនគេ ។ ក្រៅពីនេះ ផ្អែកលើភាពធន់និងភាពរស់រវើករបស់ខ្លួន សេដ្ឋកិច្ចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានដើរតួនាទីសំខាន់ជាប់រហូតមក ក្នុងការលំនឹងកំណើនសេដ្ឋកិច្ចសកល ។ បើតាមទិន្នន័យស្ថិតិរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF ) ឱ្យដឹងថា ការរួមចំណែកនៃសេដ្ឋកិច្ចអាស៊ីសម្រាប់ កំណើនសេដ្ឋកិច្ចពិភពលោកមានរហូតដល់ទៅ ៦០% អាចនិយាយបានថាជា «ក្បាលម៉ាស៊ីន» នៃកំណើនសេដ្ឋកិច្ចពិភពលោក និងជាតំបន់ដែលមានកម្លាំងសេដ្ឋកិច្ចរស់រវើកបំផុត លើពិភពលោក។

អាស្រ័យហេតុនេះ គេសង្កេតឃើញថា បើទោះបីជាអាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចទីមួយ លើពិភពលោក ក៏បានបង្វែរយុទ្ធសាស្ត្រ និងគោលនយោបាយមករកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីទាញយកផលប្រយោជន៍ពី កំណើនសេដ្ឋកិច្ចនៃតំបន់នេះ ពិសេសគឺបញ្ជ្រាបពីមនោគមវិជ្ជារបស់ខ្លួន និងប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ជាមួយប្រទេសចិន។

យ៉ាងណាមិញ ក្នុងបរិបទនៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន បញ្ហាដែលយន្តការ APEC ត្រូវប្រឈមមិនត្រឹមតែជារឿងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រពៃណីនោះទេ ដូច្នេះ កិច្ចប្រជុំកំពូល APEC ដែលបើកធ្វើនៅប្រទេសប៉េរូ លើកនេះគឺត្រូវមូលមតិគ្នាដើម្បីស្វែករក ដំណោះស្រាយចំពោះបញ្ហារអាក់រអួល ផ្នែកខ្សែសង្វាក់ផ្តត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្មសកល ជំរុញការប្រើប្រាស់ថាមពលស្អាតដើម្បីឆ្លើយតប ការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដើម្បីទទួលបានកំណើនជានិរន្តរភាព ។

ក្រៅពីនេះ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ បានបន្ថែមភាពស្មុគស្មាញដល់ស្ថានការណ៍ពិភពលោក យន្តការ APEC ដែលបានផ្តល់ជាវេទិកាសហប្រតិបត្តិការពហុភាគី មួយផ្នែកគឺជំរុញឱ្យប្រទេសជាសមាជិកអាចធ្វើការពិគ្រោះពិភាក្សា និងសម្របសម្រួលគ្នាអំពីបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខ មួយផ្នែកទៀតគឺជំរុញតុល្យភាពរវាងការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការ ពោលគឺត្រូវគាំពារផលប្រយោជន៍ផ្ទាល់ខ្លួនផង ប៉ុន្តែក៏ត្រូវលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការផងដែរ ។

ក្នុងនាមជាសមាជិកសំខាន់នៃយន្តការ APEC ប្រទេសចិនបានដើរតួនាទីមិនអាចខ្វះបានក្នុងការជំរុញការអភិវឌ្ឍនៃ APEC ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ។ តាមទិន្នន័យបង្ហាញថា នៅ ១០ ខែដើមឆ្នាំនេះ ទំហំនាំចេញ-នាំចូលរវាងប្រទេសចិនជាមួយ បណ្តាអង្គភាពសេដ្ឋកិច្ច APEC ត្រូវជាជិត ៣ ទ្រីលានដុល្លារអាមេរិក ដែលជាកំណត់ត្រាថ្មី ហើយស្មើនឹង ៥៩.១% នៃទំហំនាំចេញ-នាំចូលក្នុងពេលដំណាលគ្នា របស់ប្រទេសចិន។

ពិសេសការលើកឡើងនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» របស់ចិន បានជំរុញការលើកកម្ពស់កម្រិតនៃការតភ្ជាប់គ្នា របស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ផ្លូវដែកល្បឿនលឿនហ្សាការតា-បាឌុងរបស់ឥណ្ឌូណេស៊ី ផ្លូវដែកចិន-ឡាវ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរបស់កម្ពុជាជាដើម សុទ្ធតែជាសមិទ្ធផលដែលកើតចេញពី កិច្ចសហប្រតិបត្តិការ ដ៏ស្អិតល្មួតរវាងប្រទេសចិនជាមួយប្រទេសក្នុងតំបន់។

ជារួម ស្ថានការណ៍ពិភពលោកកាន់តែស្មុគស្មាញ កិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនារវាងប្រទេសនានាកាន់តែមានសារៈសំខាន់ ។ ឆ្លងតាមរយៈយន្តការ APEC ថ្នាក់ដឹកនាំនៃអង្គភាពសេដ្ឋកិច្ចធំៗអាចអង្គុយនៅមុខតុចរចា ដើម្បីបង្កើនការយល់ដឹង និងទំនុកចិត្តចំពោះគ្នា ក្នុងន័យរួមគ្នាជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ។ យើងអាចជឿជាក់បានថា នៅថ្ងៃអនាគត យន្តការ APEC នឹងបន្តដើរតួនាទីសំខាន់សម្រាប់ជំរុញពហុភាគីនិយម ក៏ដូចជាលំនឹងនិងជំរុញកំណើនសេដ្ឋកិច្ចពិភពលោកជាក់ជាមិនខាន៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន