(ប៉េកាំង)៖ "ស្គាល់គ្នាមិនគិតឆ្ងាយជិត ទោះរាប់ម៉ឺនយោជន៍ក៏នៅតែជាមិត្ត" លោក Xi Jinping ប្រធានរដ្ឋចិនបានដកស្រង់ឃ្លាដ៏ល្បីចេញពីកំណាព្យរជ្ជកាលថាង ដើម្បីពិពណ៌នាអំពីទំនាក់ទំនងរវាងចិន និងបណ្ដាប្រទេសអាមេរិកឡាទីននិងការាបៀន។

តាំងពីឡើងកាន់តំណែងជាប្រធានរដ្ឋមក លោកបានធ្វើទស្សនកិច្ចទៅប្រទេសចំនួន ១១ នៅអាមេរិកឡាទីន ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចទាំងនេះ លោកបានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំប្រទេសនានា ធ្វើជាសក្ខីភាពក្នុងការចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបត្តិការ ទស្សនាភូមិជនបទតំបន់នោះ ភ្លក់កាហ្វេកូស្តារីកា និងទទួលបាន នូវអាវបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលមានឈ្មោះរបស់លោកនៅលើនោះ ដោយបន្សល់ទុកនូវប្រវត្តិការទូតដ៏ល្អប្រពៃ។

លោក Xi Jinping បានពិពណ៌នាអំពីមិត្តភាពរវាងប្រជាជនចិន និងអាមេរិកឡាទីនបែបនេះថា ចិននិងអាមេរិកឡាទីននៅឆ្ងាយពីគ្នា ប៉ុន្តែប្រជាជននៃភាគីទាំងសងខាង មានភាពស្និទ្ធស្នាលពីធម្មជាតិ ។ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកបានចេញដំណើរម្តងទៀត ដោយឆ្លងកាត់មហាសមុទ្រ ហើយឆ្ពោះទៅកាន់បណ្ដាប្រទេសអាមេរិកឡាទីន ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូនិងប្រេស៊ីលលើកនេះ នឹងចាក់បញ្ចូលកម្លាំងចលករថ្មីក្នុងការជំរុញផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីន និងរួមគ្នាកសាងសហគមន៍រួមវាសនាវាងចិន និងអាមេរិកឡាទីន។

លោក Xi Jinping បានហៅប៉េរូថាជាប្រទេសជិតខាងរបស់ចិន នៅត្រើយម្ខាងប៉ាស៊ីហ្វិក។ កំពង់ផែ Chancay ដែលជាគម្រោងសាងសង់កិច្ចសហប្រតិបត្តិការចិន-ប៉េរូដែលនឹងបើកដំណើរការក្នុងខែវិច្ឆិកានេះ នឹងធ្វើឱ្យ "អ្នកជិតខាង" ដែលឆ្លងមហាសមុទ្រមួយគូនេះ កាន់តែជិតស្និទ្ធ។

កំពង់ផែ Chancay ស្ថិតនៅឈូងសមុទ្រ Chancay មានចម្ងាយប្រហែល ៧៨ គីឡូម៉ែត្រភាគខាងជើងពីទីក្រុង Lima រដ្ឋធានីនៃប្រទេសប៉េរូ និងវាជាកំពង់ផែទឹកជ្រៅធម្មជាតិ ។ នៅពេលសាងសង់រួចរាល់ កំពង់ផែ Chancay នឹងក្លាយជាកំពង់ផែច្រកទ្វារ ដ៏សំខាន់របស់ប្រទេសប៉េរូ និងជាមជ្ឈមណ្ឌលដ៏សំខាន់ដែលឆ្ពោះទៅដល់ប៉ាស៊ីហ្វិកខាងត្បូង ដែលមានសមត្ថភាពទទួលនិងដឹកជញ្ជូនទំនិញ ពីប្រទេសឈីលី កូឡុំប៊ី ប្រេស៊ីលនិងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត ។ បន្ទាប់ពីមានកំពង់ផែនេះ ពេលវេលាដឹកជញ្ជូនពីអាមេរិកខាងត្បូង ទៅកាន់អាស៊ីនឹងកាត់បន្ថយពី ៤៥ ថ្ងៃមកត្រឹម ២៣ ថ្ងៃ។

ឈ្មោះនៃទីក្រុងកំពង់ផែពីរគឺ Chancay និង Shanghai មានការបញ្ចេញសំឡេងស្រដៀងក្នុងភាសាអេស្ប៉ាញ ប្រជាជនប៉េរូកាន់តែច្រើនឡើងៗសង្ឃឹមថា Chancay អាចអភិវឌ្ឍទៅជា "Shanghai" របស់ប្រទេសប៉េរូ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិននិងអាមេរិកឡាទីនបានក្លាយជាដៃគូដ៏សំខាន់ ក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ រហូតមកដល់ពេលនេះ ប្រទេសចិនបានចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបត្តិការលើគំនិតខ្សែក្រវ៉ាត់ និងផ្លូវជាមួយប្រទេសចំនួន ២២ នៅអាមេរិកឡាទីន និងការាបៀន។

ក្នុងឆ្នាំ ២០១៤ លោក Xi Jinping បានដកស្រង់សុភាសិតប្រេស៊ីល នៅក្នុងសុន្ទរកថារបស់គាត់ នៅសភាប្រេស៊ីលដែលថា "មិត្តភាពគឺដូចជាស្រាទំពាំងបាយជូរ ទុកកាន់តែយូរកាន់តែល្អ ដើម្បីពិពណ៌នាអំពីមិត្តភាពប្រពៃណីរវាងចិននិងអាមេរិកឡាទីន។ នោះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi Jinping នៅប្រទេសប្រេស៊ីល បន្ទាប់ពីឡើងកាន់តំណែង ជាប្រធានរដ្ឋចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន