(ដាក្កា)៖ ក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ ១០០ថ្ងៃបន្ទាប់ពីការអំណាច មេដឹកនាំនៃរដ្ឋាភិបាលបណ្តោះអាសន្ន របស់បង់ក្លាដែស លោក Muhammad Yunus បានទទូចឱ្យប្រទេសនេះបន្តការអត់ធ្មត់ ដើម្បីរៀបចំការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ដោយប្តេជ្ញា នឹងបង្កើតគណៈកម្មការបោះឆ្នោតមួយ លោក Yunus និយាយថា មិនទាន់មានកាលបរិច្ឆេទជាក់លាក់ សម្រាប់ការបោះឆ្នោតនៅឡើយទេ ដោយវាអាស្រ័យទៅលើក្បួនខ្នាត និងកំណែទម្រង់រដ្ឋធម្មនុញ្ញ។ លោក Yunus ថាកំពុងដឹកនាំដោះស្រាយបញ្ហាប្រឈម ក្នុងការស្ដារឡើងវិញនូវស្ថាប័នប្រជាធិបតេយ្យ ក្នុងប្រទេសដែលមានប្រជាជនប្រមាណ ១៧០លាននាក់នេះ។ ប៉ុន្តែលោក Yunus បានសន្យាដូច្នេះថា «យើងនឹងរៀបចំការបោះឆ្នោត នៅពេលបញ្ចប់ការធ្វើកំណែទម្រង់ចាំបាច់នានា។ យើងមានបំណងបង្កើតប្រព័ន្ធបោះឆ្នោតមួយ សម្រាប់ប្រើប្រាស់រាប់ទសវត្សរ៍ទៅមុខ ហើយយើងត្រូវការពេលវេលាខ្លះ»

គួរបញ្ជាក់ថា ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អាយុ ៨៤ឆ្នាំរូបនេះ ត្រូវបានលើកឱ្យដឹកនាំរដ្ឋាភិបាលបង់ក្លាដែស ជាបណ្តោះអាសន្នសិន កាលពីថ្ងៃទី៨ ខែសីហា ក្រោយអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ត្រូវបានទម្លាក់ពីអំណាច ដោយបាតុកម្មរបស់សិស្សនិស្សិត​៕