(កូឡុំបូ)៖ នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកានេះ ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake បានតែងតាំងលោកស្រី Harini Amarasuriya ឱ្យធ្វើជានាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ បន្ទាប់ពីការបោះឆ្នោតឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដំបូងឡើយ លោក Dissanayake ទទួលបានជ័យជម្នះ ពីការបោះឆ្នោតប្រធានាធិបតីខែកញ្ញា ប៉ុន្តែក្រុមចម្រុះនៃគណបក្ស Marxist-leaning National People's Power (NPP) របស់លោកមានត្រឹមតែ ៣អាសនៈក្នុងសភាប៉ុណ្ណោះ ដែលតម្រូវឱ្យលោករំលាយសភា ហើយរៀបចំការបោះឆ្នោតមុនកំណត់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
បន្ទាប់ពីទទួលបាន ១៥៩អាសនៈនៅក្នុងសភា ដែលមានសមាជិកចំនួន ២២៥រូប នៅក្នុងការបោះឆ្នោត លោកក៏បានតែងតាំងសមាជិកសភាជើងចាស់ លោក Vijitha Herath ឡើងវិញឱ្យដឹកនាំក្រសួងការបរទេស ហើយឱ្យលោកស្រី Amarasuriya ធ្វើជានាយករដ្ឋមន្រ្តី។ អំឡុងពេលស្បថចូលកាន់តំណែង នាថ្ងៃចន្ទនេះ លោក Dissanayake មិនបានបញ្ចេញឈ្មោះរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីទេ ដែលជាសញ្ញាបង្ហាញថា លោកអាចរក្សាទុកបុគ្គលសំខាន់ ក្នុងស្ថាប័នហិរញ្ញវត្ថុនេះ ឱ្យនៅដដែល។
គួរបញ្ជាក់ថា ប្រទេសដីកោះនៅមហាសមុទ្រឥណ្ឌា ដែលមានប្រជាជន ២២លាននាក់នេះ ត្រូវបានញាំញីដោយវិបត្តិសេដ្ឋកិច្ច តាំងពីឆ្នាំ ២០២២។ លោក Dissanayake ធ្លាប់សន្យាថា នឹងព្យាយាមស្វែងរកការបន្តផ្តល់មូនិធិសង្រ្គោះ ពីមូលនិរូបយវិត្ថុអន្តរជាតិ (IMF) ដើម្បីរំដោះប្រទេសចេញពីវិបត្តិ៕