(ប៉េកាំង)៖ រសៀលថ្ងៃទី១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិកនៅក្រុងលីម៉ា។

លោក Xi Jinping បានលើកឡើងថា ៤ឆ្នាំកន្លងទៅនេះ ទោះបីជាទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក បានឆ្លងកាត់ការឡើងចុះក៏ដោយ តែក្រោមការដឹកនាំរបស់យើងទាំង២នាក់ ក៏បានធ្វើកិច្ចសន្ទនានិងសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពផងដែរ ហើយសម្រចបាននូវស្ថិរភាពជាទូទៅ។

ពិភពលោកបច្ចុប្បន្នមានភាពច្របូកច្របល់ ហើយកើតមានការប៉ះទង្គិចជាញឹកញយ មនុស្សជាតិកំពុងប្រឈមមុខនឹង ការសាកល្បងដែលមិនធ្លាប់មាន។ ការប្រកួតប្រជែងរវាង ប្រទេសមហាអំណាច មិនមែនជាខ្លឹមសារសំខាន់នៃយុគសម័យទេ មានតែសាមគ្គីគ្នានិងធ្វើសហប្រតិបត្តិការ ទើបអាចពុះពារឧបសគ្គ។ “ការបង្កើតរបាំងខ្ពស់” មិនមែនជាដំណោះស្រាយ របស់ប្រទេសមហាអំណាចទេ មានតែបើកទូលាយនិងចែករំលែកទើប អាចផ្តល់ប្រយោជន៍ដល់មនុស្សជាតិ។

ក្នុងនាមជាប្រទេសមហាអំណាច ប្រទេសចិននិងអាមេរិកត្រូវតែគិតពីផលប្រយោជន៍របស់ពិភពលោក ហើយបំពេញបន្ថែម ភាពប្រាដកប្រជា និងផ្តល់កម្លាំងវិជ្ជមានដល់ពិភពលោក ដែលកំពុងមានភាពច្របូកច្របល់។ ជានិច្ចកាលខ្ញុំតែងតែសម្គាល់ថា ក្នុងនាមជាទំនាក់ទំនងទ្វេភាគីសំខាន់បំផុតលើពិភពលោក ការអភិវឌ្ឍដោយស្ថិរភាព នៃទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិក មិនត្រឹមតែពាក់ព័ន្ធដល់ប្រជាជននៃប្រទេសទាំង២ប៉ុណ្ណោះទេ ក៏ពាក់ព័ន្ធដល់ជោគវាសនា និងអនាគតរបស់មនុស្សជាតិផងដែរ។

ភាគីទាំងពីរចិននិងអាមេរិក ត្រូវតែគិតពិចារណាដល់សុភមង្គលរបស់ប្រជាជន នៃប្រទេសទាំង២និងផលប្រយោជន៍រួម របស់សហគមន៍អន្តរជាតិ ធ្វើជម្រើសប្រកបដោយប្រាជ្ញា បន្តស្វែងរកវិធីរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវ រវាងប្រទេសមហាអំណាចទាំងពី ដើម្បីសម្រេចបាននូវការរួមរស់ដោយសន្តិភាពយូរអង្វែង រវាងប្រទេសចិននិងអាមេរិកលើភពផែនដីនេះ៕