(អាំស្ទែរដាំ)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Wopke Hoekstra ដែលក្រសួងរបស់លោក ទទួលខុសត្រូវលើការរឹតបន្តឹងការនាំចេញ របស់ក្រុមហ៊ុន ASML ដែលជាក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបកុំព្យូទ័រដ៏សំខាន់មួយរបស់ពិភពលោក បានព្រមានថា ពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី កំពុងគំរាមកំហែងដល់សន្តិសុខអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Hoekstra បានអំពាវនាវឱ្យសហភាពអឺរ៉ុប ចាត់វិធានការដើម្បីទប់ស្កាត់ពាណិជ្ជកម្មនេះ ដែលលោកចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប។ លោក ក៏បានលើកឡើងពីបញ្ហានេះ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ផងដែរ។
ថ្លែងនៅមុនកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅឯទីក្រុង Brussels នាថ្ងៃចន្ទនេះ លោក Hoekstra បាននិយាយថា «ខ្ញុំបានលើកឡើងរឿងនេះពីរដងជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ហើយខ្ញុំគិតថាក្នុងនាមប្រជាជនអឺរ៉ុប យើងទាំងអស់គ្នាគួរតែធ្វើរឿងនេះ ព្រោះនេះគឺជាអ្វីដែលចិនគួរតែដឹង។ វាប៉ះពាល់ដោយផ្ទាល់ដល់សន្តិសុខអឺរ៉ុប»។
ការព្រមាននេះ ធ្វើឡើងក្នុងបរិបទដែលសហរដ្ឋអាមេរិក និងហូឡង់ បានដាក់ចេញនូវវិធានការរឹតបន្តឹងការនាំចេញទៅកាន់ប្រទេសចិន ដើម្បីទប់ស្កាត់ការអភិវឌ្ឍបច្ចេកវិទ្យា និងយោធារបស់ចិន។ ទោះបីជាមានការរឹតបន្តឹងក៏ដោយក៏ប្រទេសចិននៅតែជាទីផ្សារដ៏ធំ សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបនៅអាមេរិក និងជប៉ុន។
លោក Hoekstra បានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប អំពីវិធានការដែលត្រូវចាត់វិធានការ ដើម្បីទប់ស្កាត់ការគាំទ្ររបស់ចិន ចំពោះរុស្ស៊ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន៕