(ប្រាស៊ីលីយ៉ា)៖ ក្នុងជំនួបជាមួយប្រធានាធិបតីចិននៅក្រៅកិច្ចប្រជុំកំពូល G20 នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានអំពាវនាវឱ្យមានការបង្កើតទំនាក់ទំនងដែល «ជាប់លាប់ និងយូរអង្វែង» រវាងចក្រភពអង់គ្លេសនិងចិន និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសទាំង ដែលធ្លាប់មានភាពតានតឹងនាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចប្រជុំនៅប្រេស៊ីលនេះគឺជាជំនួបលើកដំបូង រវាងមេដឹកនាំនៃប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០១៨។ លោក Starmer បានបង្ហាញសុទិដ្ឋិនិយម ដោយនិយាយថាលោកចង់ធ្វើការជាមួយចិនលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងអាកាសធាតុ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខាភិបាល និងអប់រំផងដែរ។
លោក លោក Starmer បានប្រាប់លោក Xi ថា «យើងចង់ឱ្យទំនាក់ទំនងរបស់យើងមានភាពស៊ីសង្វាក់គ្នា យូរអង្វែង និងគួរឱ្យគោរព ដូចដែលយើងបានព្រមព្រៀងគ្នា ជៀសវាងការភ្ញាក់ផ្អើលតាមដែលអាចធ្វើទៅបាន ហើយការពិភាក្សាកាន់តែស៊ីជម្រៅ ត្រូវតែនាំមកនូវការយោគយល់គ្នា កាន់តែរឹងមាំ»។
លោក Starmer ក៏បានបង្ហាញពីបំណងក្នុងការជួបពិភាក្សាទ្វេភាគីជាមួយលោក Xi នៅពេលខាងមុខ និងសង្ឃឹមថារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបានបន្ថែមថា «ចក្រភពអង់គ្លេសនឹងក្លាយជាដៃគូដែលអាចទុកចិត្តបាន ប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ និងគោរពច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថា ទំនាក់ទំនងចិន-អង់គ្លេស បានជួបភាពយ៉ាប់យ៉ឺនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារបញ្ហាសិទ្ធិមនុស្សនៅហុងកុង និងការចោទប្រកាន់ពីចារកម្ម។ ទោះជាយ៉ាងណា លោក Starmer ចង់ធ្វើឱ្យទំនាក់ទំនងនេះមានភាពប្រសើរឡើងវិញ ដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគ។
កិច្ចប្រជុំនេះ បង្ហាញពីការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់អង់គ្លេស ក្រោមការដឹកនាំរបស់លោក Starmer ដែលចង់បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន។ នេះក៏អាចជាការឆ្លើយតបនឹងការជាប់បោះឆ្នោតរបស់លោក ត្រាំ នៅសហរដ្ឋអាមេរិក ដែលបានបង្ហាញពីគោលនយោបាយឯកោនិយម និងការប្រឈមមុខជាមួយចិន៕