(ASUNCION)៖ ប្រធានាធិបតីប៉ារ៉ាហ្កាយ លោក Santiago Pena ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល។ នេះបើតាមការិយាល័យរបស់លោក Pena ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការិយាល័យប្រធានាធិបតីប៉ារ៉ាហ្កាយ បានឱ្យដឹងទៀតថាលោក Pena កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Samaritano ក្នុងទីក្រុង Rio de Janeiro ដោយសារ មានបញ្ហាសុខភាពបន្តិចបន្តួច។ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម អនុប្រធានាធិបតីប៉ារ៉ាហ្កាយ លោក Pedro Alliana បាននិយាយថារូបលោកក៏បាននិយាយទូរស័ព្ទជាមួយលោក Pena ផងដែរ។ បើតាមលោក Alliana លោក Pena ឥលូវ មិនមានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរ នោះទេ និងកំពុងរង់ចាំលទ្ធផលធ្វើតេស្ដសុខភាព។ រីឯមន្ទីរពេទ្យវិញ មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយចំពោះការសាកសួរពី Reuters។

លោក Santiago Pena មានអាយុ៤៦ឆ្នាំ គឺជាអ្នកជំនាញសេដ្ឋកិច្ចមួយរូប ហើយលោកបានឡើងកាន់តំណែងជាប្រធានាធិបតីប៉ារ៉ាហ្កាយ កាលពីខែសីហា ឆ្នាំមុន៕