(Rio de Janeiro, Brazil)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យបណ្ដាមេដឹកនាំ G20 ទាំងអស់គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះនៅក្នុងសង្រ្គាមអ៊ុយក្រែន និងដើម្បី ឈានដល់ការសម្រេចបាននូវដំណោះស្រាយនយោបាយមួយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការកត់សម្គាល់របស់លោក ស៊ី ជីនពីង ធ្វើឡើងនាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា និងបន្ទាប់ពីអ៊ុយក្រែនទទួលបានភ្លើងបៃតង ពីសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយផ្ដល់ដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានស្រង់សម្ដី របស់លោក ស៊ី ជីនពីងដែលបានគូសបញ្ជាក់ដូច្នេះថា «G20 គួរតែគាំទ្រអង្គការសហប្រជាជាតិ (UN) និងក្រុមប្រឹក្សាសន្តិសុខ UN ឱ្យដើរតួនាទីយ៉ាងសំខាន់មួយ និងគាំទ្រដល់កិច្ចប្រឹងប្រែង ដើម្បីការផ្សះផ្សារជម្លោះដោយសន្តិវិធី»។ លោកប្រធានាធិបតីចិនក៏បានអំពាវនាវឱ្យផងដែរមេដឹកនាំទាំងអស់បញ្ចៀសរាល់ការធ្វើសកម្មភាពទាំងឡាយណាដែលនាំឱ្យជម្លោះរាលដាលកាន់តែធំ ហើយងាកមកជួយបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន និងស្វែងរកដំណោះស្រាយនយោបាយ។
គួរបញ្ជាក់ថា វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនថាបាន និងកំពុងបង្កើនជម្លោះនៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយថែមទាំង បានសន្យាទៀតផងថាសងសឹកទៅនឹងរាល់ការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយផ្ដល់ដោយសហរដ្ឋអាមេរិកពីសំណាក់អ៊ុយក្រែន ដើម្បីវាយប្រហារលើគោលដៅក្នុងទឹកដីរុស្ស៉ី៕