(រីយ៉ូ, ប្រេស៉ីល)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា លោកនឹងពិភាក្សាអំពីការផ្គត់ផ្គង់សម្ភារៈ ដែលអាចបម្រើទាំងវិស័យយោធា និងស៉ីវិល ជាមួយលោក ស៉ី ជីនពីង ប្រធានាធិបតីចិន នៅឯកិច្ចប្រជុំកំពូល G20 ចំពេលមានសេចក្តីរាយការណ៍ថា រោងចក្រចិនកំពុងផលិតយន្តហោះដ្រូនយោធាឱ្យរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោក Scholz គូសបញ្ជាក់ថា «ខ្ញុំតែងតែសង្កត់ធ្ងន់ លើបញ្ហាបញ្ជូនសម្ភារៈមានមុខងារពីរបែបនេះ ព្រោះពេលយកវាទៅប្រើ តែងតែមានការអនុវត្តខុសៗគ្នា»។ បើតាមលោក Scholz ក៏នឹងមានការបញ្ជាក់ទៅកាន់ លោក ស៉ី ផងដែរ ថាវាជារឿងមិនអាចទទួលយកបានទេ ដែលទាហានកូរ៉េខាងជើងកំពុងត្រូវបានដាក់ពង្រាយ ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ ប៉ុន្តែនៅពេលត្រូវបានសួរអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ជុំវិញការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើមីស៉ីលរយៈចម្ងាយឆ្ងាយ វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៉ីនោះ លោក Scholz និយាយថា អាល្លឺម៉ង់នឹងមិនធ្វើតាម ឬបញ្ជូនឱ្យអ៊ុយក្រែននូវមីស៉ីលគ្រូស Taurus នោះឡើយ។

គួរបញ្ជាក់ថា ប្រភពចារកម្មអឺរ៉ុបចំនួនពីរបានប្រាប់ Reuters កាលពីខែកញ្ញាថា រុស្ស៉ីបានបង្កើតកម្មវិធីអាវុធនៅក្នុងប្រទេសចិន ដើម្បីអភិវឌ្ឍ និងផលិតដ្រូនរយៈចម្ងាយឆ្ងាយ សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន៕