(ប៉េកាំង)៖ នាវេលាព្រឹកថ្ងៃអង្គារនេះ រថយន្តមួយគ្រឿង បានបើកបុកកូនសិស្សនិងអ្នកដំណើរថ្មើរជើង នៅខាងក្រៅសាលារៀនមួយ ក្នុងខេត្ត Hunan ប្រទេសចិន បង្កឱ្យមានអ្នករងរបួសជាច្រើននាក់ ខណៈដែលមួយរយៈចុងក្រោយនេះ ករណីវាយប្រហារហិង្សា បានកើតមានបន្តបន្ទាប់ នៅប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ហេតុការណ៍ខាងលើបានកើតឡើង នៅខាងក្រៅសាលាបឋមសិក្សា Yongan ក្នុងទីក្រុង Changde អំឡុងពេលដែលកូនសិស្សនាំគ្នា ធ្វើដំណើរមកកាន់សាលារៀន។ បើតាមប្រភពដដែល ឧប្បត្តិហេតុនោះ បានបង្កឱ្យមនុស្សជាច្រើននាក់រងរបួស រួមមានទាំងក្មេងៗជាសិស្សសាលា ប៉ុន្តែពុំមានការបញ្ជាក់តួលេខច្បាស់ទេ។ ម៉្យាងវិញទៀត ក៏គេមិនទាន់ដឹងឱ្យប្រាកដដែរថា ករណីនេះ គឺជាការបើករថយន្តបំបុក ដោយចេតនា ឬយ៉ាងណា។ ទោះជាបែបនេះក្តី អ្នកបើកបររថយន្ត ត្រូវបានប៉ូលិសឃាត់ខ្លួន នៅនឹងកន្លែង។
គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើ បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបុរសម្នាក់ បានបើករថយន្តបំបុកហ្វូងមនុស្ស នៅមជ្ឈមណ្ឌលកីឡាមួយកន្លែង ក្នុងទីក្រុង Zhuhai នៃខេត្ត Guangdong សម្លាប់មនុស្ស៣៥នាក់ និងបង្កឱ្យរបួស៤៣នាក់ផ្សេងទៀត។ បន្ទាប់ពីនោះ ក៏មានករណីវាយប្រហារហិង្សាមួយទៀត គឺអតីតនិស្សិតម្នាក់ បានយកកាំបិតចាក់សម្លាប់មនុស្ស ៨នាក់ និងបង្កឱ្យរបួសប៉ុន្មាននាក់ផ្សេងទៀត នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមួយកន្លែង ក្នុងទីក្រុង Wuxi នៃខេត្ត Jiangsu។ ក្នុងករណីទាំងពីរនោះ គឺបុរសជាជនបង្កទាំងពីរនាក់ ហាក់បានសម្រេចចិត្តធ្វើសកម្មភាពវាយប្រហារហិង្សា ប្រឆាំងជនស្លូតត្រង់ដទៃទៀត បន្ទាប់ពីពួកគេបានជួបបញ្ហាផ្ទាល់ខ្លួន៕