(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា សហរដ្ឋអាមេរិក បាននិយាយថា រុស្ស៉ីឯណោះទេ ដែលជាអ្នកបានបង្កើនតានតឹង ក្នុងសង្រ្គាមនៅអ៊ុយក្រែន តាមរយៈការប្រើប្រាស់កងទ័ពកូរ៉េខាងជើង បន្ទាប់ពីវិមានក្រឹមឡាំង បានព្រមានថា ទីក្រុងវ៉ាស៉ីនតោន នឹងធ្វើឱ្យការចូលរួមពាក់ព័ន្ធរបស់ខ្លួន ចាក់ឫសកាន់តែជ្រៅ ក្នុងសង្រ្គាមនេះ តាមរយៈការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់មីស៉ីល​របស់អាមេរិក វាយប្រហារជ្រៅចូលទៅក្នុងទឹកដីរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា រុស្ស៉ីគឺជាអ្នកដែលបានបង្កើនភាពតានតឹង​ម្តងហើយម្តងទៀត ក្នុងជម្លោះនៅអ៊ុយក្រែន ដោយលោកចង់សំដៅលើ កងទ័ពកូរ៉េខាងជើងប្រមាណ១១០០០នាក់ ដែលអាមេរិក​អះអាងថា ត្រូវបានដាក់ពង្រាយ ហើយបានប្រយុទ្ធគ្នាជាមួយកងទ័ពអ៊ុយក្រែន នៅតំបន់ Kursk នៃប្រទេសរុស្ស៉ី។ យ៉ាងណាមិញ លោក Miller នៅតែមិនទទួលស្គាល់ជាផ្លូវការឡើយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចអនុញ្ញាតឱ្យ​អ៊ុយក្រែនអាចប្រើប្រាស់មីស៉ីលអាមេរិក វាយប្រហារចូលដីរុស្ស៉ី។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋបាលលោក បៃដិន បានសម្រេចចិត្តអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើបែបនោះ និងថាវាគឺជាការឆ្លើយតបចំពោះ វត្តមានរបស់ទាហានកូរ៉េខាងជើង ក្នុងជម្លោះអ៊ុយក្រែន។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចេញមុខនិយាយថា រដ្ឋបាលលោក បៃដិន ដែលនឹងត្រូវចុះចេញពីអំណាចនៅដើមឆ្នាំក្រោយ កំពុងតែចាក់សាំងបន្ថែមទៅលើភ្លើង ហើយព្យាយាមបង្កើន​ភាពតានតឹងក្នុងសង្រ្គាមអ៊ុយក្រែន៕