(ហុងកុង)៖ នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា តុលាការនៅទីក្រុងហុងកុងនៃប្រទេសចិន បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ចំពោះចុងចោទទាំង៤៥នាក់ ដែលជាប់ពិរុទ្ធក្នុងសំណុំរឿងធំបំផុត ក្រោមច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងរបស់ទីក្រុងមួយនេះ ដោយក្នុងចំណោមនោះ លោក Benny Tai ដែលត្រូវបានចាត់ទុកជាមេខ្លោង រងការកាត់ទោសឱ្យជាប់រយៈពេលយូរជាងគេ គឺ១០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រយៈពេលជាប់ពន្ធនាគាររបស់លោក Tai គឺយូរជាងគេបង្អស់ គិតមកទល់ពេលនេះ នៅក្រោមច្បាប់សន្តិសុខជាតិរបស់ហុងកុង ដែលត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំង ដាក់ចេញកាលពីឆ្នាំ២០២០ ដើម្បីបង្រ្កាបភាពវឹកវរផ្ទុះឡើង អំឡុងបាតុកម្មហិង្សាទ្រង់ទ្រាយធំ គាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៩។ ជនដែលប្រព្រឹត្តល្មើសច្បាប់ដ៏តឹងរ៉ឹងខាងលើ អាចប្រឈមការជាប់ពន្ធនាគារហូតដល់​អស់មួយជីវិត។

គួរបញ្ជាក់ថា សកម្មជនប្រជាធិបតេយ្យសរុប៤៧នាក់ ត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ជាផ្លូវការ កាលពីឆ្នាំ២០២១ ពីបទគប់គិតប្រព្រឹត្តសកម្មភាពប្រឆាំងរដ្ឋអំណាច នៅក្រោមច្បាប់សន្តិសុខជាតិ។ បទចោទប្រកាន់នោះ ពាក់ព័ន្ធទៅនឹង​សកម្មភាពរៀបចំ ការបោះឆ្នោតមិនផ្លូវការមួយរបស់ពួកគេ កាលពីក្នុងឆ្នាំ២០២០ ដើម្បីជ្រើសរើសបេក្ខជន សម្រាប់ការបោះឆ្នោតសភាហុងកុង។ ក្នុងចំណោមជន៤៧នាក់នោះ ២នាក់ត្រូវបានលើកលែងឱ្យរួចផុតពីការចោទប្រកាន់។ ក្នុងចំណោម៤៥នាក់ ដែលនៅសល់ គឺ៣១នាក់ បានឆ្លើយសារភាពកំហុស ហើយទាំង៤៥នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ​រយៈពេលចន្លោះចាប់ពី៤ឆ្នាំ ដល់១០ឆ្នាំ៕