(បាងកក)៖ ការិយាល័យនាយករដ្ឋមន្រ្តីថៃ បានឱ្យដឹងនាថ្ងៃអង្គារនេះថា នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ បាននិយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកស្រី អំឡុងកិច្ចសន្ទនាខាងលើ លោកស្រីនាយករដ្ឋមន្រ្តីថៃ បានបង្ហាញអំពីការត្រៀមខ្លួនជាស្រេចរបស់ប្រទេសថៃ ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ហើយអំឡុងពេលនោះ លោក ត្រាំ ក៏បានថ្លែងកោតសរសើរការបំពេញការងាររបស់លោកស្រីផងដែរ។ លោកស្រី ផែថងថាន បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីខែកញ្ញាកន្លងទៅ និងជានាយករដ្ឋមន្រ្តីវ័យក្មេងបំផុត របស់ប្រទេសអាស៊ានមួយនេះ។
គួរបញ្ជាក់ថា ថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់ជាងគេបង្អស់ របស់ទីក្រុងវ៉ាស៉ីនតោន ប្រចាំតំបន់អាស៉ី។ ថៃព្រមទាំងប្រទេសអាស៊ានផ្សេងទៀត ដែលមានរោងចក្ររថយន្ត និងអេឡិចត្រូនិក ដូចជាវៀតណាមជាដើម នឹងអាចទទួលបានអត្ថប្រយោជន៍ ពីគោលនយោបាយរបស់ លោក ត្រាំ ដែលមានផែនការដំឡើងពន្ធលើ ផលិតផលនាំចូលពីប្រទេសចិន។ រដ្ឋមន្រ្តីពាណិជ្ជកម្មថៃ ធ្លាប់លើកឡើងថា ថៃគួរតែព្យាយាមរិះរកមធ្យោបាយ ដើម្បីបង្កើនការនាំចេញឱ្យកាន់តែច្រើនថែមទៀត ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជំនួសផលិតផលចិន។ វិស័យនាំចេញ គឺជាម៉ាស៉ីនជំរុញដ៏សំខាន់បំផុតមួយ នៃសេដ្ឋកិច្ចរបស់ថៃ ហើយបច្ចុប្បន្ន សហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញលេខ១ របស់ថៃ ខណៈគោលដៅលេខ២ គឺប្រទេសចិន៕