(រីយ៉ូ, ប្រេស៉ីល)៖ កិច្ចប្រជុំនៃបណ្តាមេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20 នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកានេះ បានផ្តោតលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរទៅរកថាមពលស្អាតជាងមុន ខណៈមេដឹកនាំទាំងអស់ មានបំណងបង្កើនលទ្ធភាពសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយការឡើងកំដៅផែនដី នៅក្នុងសន្និសីទស្តីពីអាកាសធាតុ (COP29) របស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ម្ចាស់ផ្ទះនៃកិច្ចប្រជុំ COP29 មួយថ្ងៃមុននេះ បានស្នើឱ្យ G20 ផ្តល់សញ្ញាវិជ្ជមានជុំវិញតម្រូវការ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងកំណត់អាណត្តិឱ្យបានច្បាស់លាស់ ដើម្បីជួយសង្រ្គោះកិច្ចពិភាក្សា ដែលជាប់គាំងកន្លងមក នៅក្នុងទីក្រុងបាគូ នៃប្រទេសអាសៃបៃហ្សង់។

បណ្តាមេដឹកនាំ G20 អំពាវនាវឱ្យមានការបង្កើនហិរញ្ញវត្ថុផ្នែកអាកាសធាតុ ពីខ្ទង់រាប់ពាន់លានដល់រាប់ទ្រីលាន មកពីប្រភពនានា ដើម្បីយកមកចំណាយក្នុងការឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ។ មេដឹកនាំ G20 ក៏បានឯកភាពគ្នាផងដែរ ថាក្រុមអ្នកចរចា COP29 ត្រូវតែឈានដល់គោលដៅហិរញ្ញវត្ថុថ្មី ដែលមានការកំណត់ថា តើប្រទេសអ្នកមានត្រូវផ្តល់ថវិកាប៉ុន្មាន ឱ្យដល់ប្រទេសកំពុងអភិវឌ្ឍក្រីក្រ ពីហិរញ្ញវត្ថុអាកាសធាតុនេះ។

ប៉ុន្តែសេចក្តីថ្លែងការណ៍រួមរបស់ G20 មានតែការលើកឡើងពីតម្រូវការ ឱ្យដោះស្រាយបញ្ហាប៉ុណ្ណោះ ហើយមិនបានបង្ហាញពី ដំណោះស្រាយ ដែលគួរដាក់ចេញនៅកិច្ចប្រជុំអាកាសធាតុ UN ឡើយ ខណៈដែលកិច្ចប្រជុំ COP29 នឹងបញ្ចប់ទៅវិញ នៅថ្ងៃសុក្រសប្តាហ៍នេះ។

គួរបញ្ជាក់ថា G20 ត្រូវបានគេមើលឃើញថា ជាអ្នកចាំបាច់ជាងគេក្នុងការងារឆ្លើយតប ទៅនឹងការឡើងកំដៅផែនដី ខណៈដែលប្រទេសទាំងនោះគ្រប់គ្រង ៨៥ភាគរយនៃសេដ្ឋកិច្ចពិភពលោក ហើយក៏ជាអ្នកបំភាយឧស្ម័នច្រើនជាង ៣ភាគ៤ ដែលជាហេតុនាំឱ្យឡើងកំដៅផែនដីផងដែរ។

ក្រុមអ្នកសេដ្ឋកិច្ច ស្នើឡើងថាហិរញ្ញវត្ថុអាកាសធាតុ គួរតែមានយ៉ាងហោចណាស់ ១ទី្រលានដុល្លារប្រចាំឆ្នាំ។ ប្រទេសអភិវឌ្ឍ រួមទាំងនៅអឺរ៉ុបអះអាងថា មូលដ្ឋាននៃអ្នករួមចំណែកផ្តល់មូលនិធិ ចាំបាច់ត្រូវតែពង្រីកបន្ថែម ដោយរួមបញ្ចូលដូចជា ចិន និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ទើបអាចសម្រេចគោលដៅនេះបាន៕