(ប៉េកាំង)៖ “នៅប្រទេសចិន ដើម្បីប្រទេសចិន(In China,For China)”។ ប៉ុន្មានឆ្នាំកន្លងទៅនេះ សហគ្រាសទុនបរទេស កាន់តែច្រើនឡើងៗបានចូលក្នុងប្រទេសចិន ដើម្បីធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ នៅប្រទេសចិន ។ សហគ្រាសទាំងនេះមិនត្រឹមតែ លក់ចេញផលិតផលរបស់ខ្លួនដោយងាយៗប៉ុណ្ណោះទេ ថែមទាំងក៏យកទស្សនៈផលិតកម្ម របស់ខ្លួនមកបង្កើត មូលដ្ឋានគ្រឹះនៅប្រទេសចិន តាមរយៈលក្ខណៈពិសេសខាងវប្បធម៌និងសេដ្ឋកិច្ចរបស់ចិន ។ កាលពីខែតុលាឆ្នាំនេះ ការធ្វើពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានឈានចូលរដូវកាលកំពូលបែបប្រពៃណី កំពង់ផែសំខាន់ៗមានភាពមមាញឹក បរិមាណលើកដាក់កុងតឺន័រមាននិន្នាការកើនឡើងយ៉ាងលេចធ្លោ ។ តាមការប៉ាន់ប្រមាណ ល្បឿនកំណើននៃការនាំចេញរបស់ចិន នៅត្រីមាសទីបួននឹងបន្តរក្សានិន្នាការកំណើន ហើយកកើតទៅជាការទ្រទ្រង់ដ៏វិជ្ជមាន ចំពោះកំណើនសេដ្ឋកិច្ច។

ចាប់ពីចូលឆ្នាំនេះមក ប្រឈមមុខនឹងស្ថានការណ៍ដ៏ស្មុគស្មាញនិងតឹងរ៉ឹង ដែលកម្លាំងសម្ពាធខាងក្រៅកាន់តែខ្លាំងឡើង និងឧបសគ្គផ្ទៃក្នុងបានកើនឡើង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូលបានដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ឆ្លើយតបយ៉ាងនឹងធឹង បង្កើនកម្លាំងគ្រប់គ្រងជាម៉ាក្រូ ផ្តោតលើការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការបើកទូលាយ ពង្រីកតម្រូវការក្នុងប្រទេសនិងធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ច មានភាពល្អប្រសើរ ដែលនាំឱ្យសេដ្ឋកិច្ចចិនដំណើរការ ដោយនឹងនរជាទូទៅ។

នៅបីត្រីមាសដើមឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ចិនប្រហែលគឺ៩៥ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៤,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន សេដ្ឋកិច្ចជាតិ បានដំណើរការដោយនឹងនរ ដែលសន្សែសន្សំបាននូវកត្តាទៅរក ភាពល្អប្រសើរជាបន្តបន្ទាប់ ។ ស្របពេលដែលគោលនយោបាយមានស្រាប់ ត្រូវពន្លឿនការអនុវត្តជាក់ស្តែង និងបន្តដាក់ចេញគោលនយោបាយបន្ថែមថ្មី នៅខែតុលា សន្ទស្សន៍គ្រប់ផ្នែកដែលចេញផ្សាយថ្មីបំផុតបានកើនឡើងជាបណ្តើរៗ មូលដ្ឋានទៅរកភាពល្អប្រសើរនិងភាពរីកចម្រើន នៃសេដ្ឋកិច្ចត្រូវបានពង្រឹងបន្តទៀត។

នៅបីត្រីមាសដើមឆ្នាំនេះ តម្លៃបន្ថែមនៃមុខរបរកម្មន្តសាលបច្ចេកវិទ្យាខ្ពស់ និងមុខរបរផលិតគ្រឿងបរិក្ខារដែលមានទ្រង់ទ្រាយមធ្យម និងធំបានកើនឡើង៩,១ភាគរយ និង៧,៥ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលត្រូវជា ១៥,៩ភាគរយ និង៣៣,៨ភាគរយ នៃតម្លៃបន្ថែមសរុបរបស់ សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំ។ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដូចជារបរអាកាសចរណ៍និងអវកាសជាដើម និងឧស្សាហកម្មងើបឡើងថ្មីដូចជារថយន្តថាមពលថ្មីជាដើម បានទទួលការអភិវឌ្ឍយ៉ាងផុលផុស បរិមាណនៃផលិតផលដូចជាឧបករណ៍អុបទិក ឧបករណ៍VRនិងអាគុយសូឡាជាដើម បានរក្សាកំណើនពីរខ្ទង់។

ប្រាក់ចំណូលរបស់ប្រជាជនបន្តកើនឡើង កម្រិតជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ។ នៅបីត្រីមាសដើមឆ្នាំនេះ ប្រាក់ចំណូលដែលអាចប្រើប្រាស់បាន របស់ប្រជាពលរដ្ឋគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗគឺ៣០៩៤១យាន់ប្រាក់ចិន ក្នុងនោះ កម្មវិធីជំនួយសង្គមនិងប្រាក់សោធននិវត្តន៍គិតជាមធ្យម ក្នុងមនុស្សម្នាក់ៗ បានកើនឡើង១១,៥ភាគរយនិង៨,១ភាគរយដោយឡែកពីគ្នា ល្បឿនកំណើននៃប្រាក់ចំណូលរបស់ ប្រជាជននៅតាមជនបទបន្តលឿនជាង ប្រជាជននៅទីក្រុងនិងភូមិឃុំ។

តាមទិន្នន័យថ្មីបំផុតនៃមជ្ឈមណ្ឌលព័ត៌មានជាតិបង្ហាញឱ្យដឹងថា នៅខែតុលាឆ្នាំនេះ សន្ទស្សន៍អំពីការប្រើប្រាស់តាមអហ្វឡាញ បានកើនឡើង៨,២ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ហើយកើនឡើង២,៩ភាគរយ បើប្រៀបធៀបនឹងខែកញ្ញា ។ សន្ទស្សន៍អំពីការប្រើប្រាស់ខាងសេវាកម្ម ក្នុងជីវភាពរស់នៅបានកើនឡើង១២,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំមុន ល្បឿនកំណើនបានកើនឡើង១,៧ភាគរយ បើប្រៀបធៀបនឹងខែកញ្ញា ។ ក្នុងនោះ មុខរបរផ្តល់សេវាកម្មស្នាក់នៅ មុខរបរកម្សាន្តលម្ហែកាយ និងមុខរបរភោជនីយដ្ឋាន បានកើនឡើង១៧,៩ភាគរយ ១៤,៥ភាគរយនិង១២,២ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។

នៅខែតុលា ការធ្វើពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានឈានចូលរដូវកាលកំពូលបែបប្រពៃណី កំពង់ផែសំខាន់ៗ មានភាពមមាញឹក ។ បរិមាណលើកដាក់កុងតឺន័រគិតជាមធ្យមក្នុងមួយថ្ងៃ នៃកំពង់ផែសំខាន់ៗនៅទូទាំងប្រទេសចិន បានកើនឡើង៧,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយកើនឡើង៣,៣ភាគរយ បើប្រៀបធៀបនឹងខែកញ្ញា ។ បរិមាណលើកដាក់ទំនិញគិតជាមធ្យមក្នុងមួយថ្ងៃ បានកើនឡើង៣,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន និងកើនឡើង៣,៤ភាគរយបើប្រៀបធៀបនឹងខែកញ្ញា។

ចាប់ពីចូលឆ្នាំនេះមក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូលបានដាក់ចេញ គោលនយោបាយបន្ថែមថ្មីមួយចំនួន ដោយទាន់ពេលវេលា ផ្តោតសំខាន់ទៅលើការជំរុញឱ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខដោយនឹងនរ រចនាសម្ព័ន្ធទៅរកភាពល្អប្រសើរ និងនិន្នាការអភិវឌ្ឍន៍បន្តទៅរកភាពល្អប្រសើរ ។ ចាប់ពីខែកញ្ញាឆ្នាំនេះមក ការដំណើរការសេដ្ឋកិច្ចនៅ វិស័យជាច្រើនដូចជាឧស្សាហកម្ម ការប្រើប្រាស់ ការវិនិយោគ ផ្សារភាគហ៊ុននិងផ្សារអចលនទ្រព្យជាដើម បានលេចចេញបម្រែបម្រួលដ៏វិជ្ជមាន កាន់តែច្រើនឡើងៗ ទីផ្សារមានជំនឿចិត្ត កើនឡើងយ៉ាងខ្លាំង ការប៉ាន់ប្រមាណក្នុងសង្គមត្រូវបានកែលម្អ ហើយសន្ទស្សន៍សេដ្ឋកិច្ចជាច្រើន បានកើនឡើងវិញយ៉ាងឆាប់រហ័ស។

បើនិយាយជាទូទៅ ចិនបានទប់ទល់នឹងកម្លាំងសម្ពាធដែលបណ្តាលមកពី ការធ្លាក់ចុះខាងសេដ្ឋកិច្ចនិងពុះពារ ការលំបាកនិងបញ្ហាប្រឈម បានរក្សានិន្នាការអភិវឌ្ឍន៍ ដែលសេដ្ឋកិច្ចដំណើរការដោយនឹងនរ រចនាសម្ព័ន្ធសេដ្ឋកិច្ច មានភាពកាន់តែល្អប្រសើរ ហើយជីវភាពរស់នៅរបស់ប្រជាជនបន្តត្រូវកែលម្អ ដូច្នេះ សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខ ប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល៕

វិទ្យុមិត្តភាពកម្ពុជាចិន