(ប៉េកាំង)៖ “ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៦ រំពឹងថាធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជម្រៅ ជាមួយបណ្តាភាគីនានា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃអាស៊ីប៉ាស៊ីហ្វិក ។” នៅថ្ងៃទី១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសព័ត៌មាននេះ ក្នុងសនិ្នសីទក្រៅផ្លូវការលើកទី៣១ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ព័ត៌មាននេះ បានចេញផ្សាយពីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ ទៅកាន់ពិភពលោកទាំងមូល ។ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះជាថ្មី ម្តងទៀតនៃអង្គការ APEC បន្ទាប់ពីរំលងអស់រយៈពេល១២ ឆ្នាំ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា ប្រការនេះបានបង្ហាញឱ្យឃើញ នូវឆន្ទៈនិងទំនួលខុសត្រូវរបស់ចិន ដែលនឹងរួមចំណែកកម្លាំងកាយចិត្ត ក្នុងការអភិវឌ្ឍរបស់អាស៊ីប៉ាស៊ីហ្វិក។

បច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ កំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ ឯកតោភាគីនិយមនិងការការពារនិយមបានងើបឡើងវិញ សកលភាវូបនីយកម្មសេដ្ឋកិច្ចបានជួបនឹងចរន្តបញ្ច្រាស ។ «របាយការណ៍ស្តីពីការបើកទូលាយ របស់សកលលោកឆ្នាំ២០២៤»បានបង្ហាញថា សន្ទស្សន៍បើកទូលាយរបស់សកលលោក ឆ្នាំ២០២៣ បានធ្លាក់ចុះ៥,៤៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០០៨ ។ ព្រមពេលជាមួយគ្នានេះ បដិវត្តន៍បច្ចេកទេសវិទ្យាសាស្ត្រជុំថ្មី និងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្ម ទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ដែលបានសន្សំទុកនូវកម្លាំងចលករយ៉ាងខ្លាំងក្លា សម្រាប់ឱ្យសកលភាវូបនីយកម្មសេដ្ឋកិច្ចពន្លឿនល្បឿន។

ក្នុងនាមជាតំបន់ដែលមានភាពរស់រវើកជាងគេ នៃកំណើនសេដ្ឋកិច្ចសកល ក្នុងរាប់សិបឆ្នាំកន្លងទៅនេះ តំបន់អាស៊ីប៉ាស៊ីហ្វិកបានពឹងផ្អែកលើ បរិយាកាសប្រកបដោយសន្តិភាពនិងស្ថិរភាព ប្រកាន់ខ្ជាប់ពហុភាគីនិយមដ៏ពិតប្រាកដ និងតំបន់និយមប្រកបដោយភាពបើកទូលាយ ដែលបានបង្កើត “អច្ឆរិយអាស៊ីប៉ាស៊ីហ្វិក” ដែលញ៉ាំងពិភពលោកទាំងមូល ចាប់អារម្មណ៍ ។ ក្នុងបរិបទបម្រែបម្រួលនិម្មាបនកម្ម១រយឆ្នាំ ប្រឈមនឹងពិភពលោកដែលមានទាំងកាលានុវត្តភាព និងការសាកល្បង តើត្រូវបង្កើត “៣០ឆ្នាំពណ៌មាស” បន្ទាប់នៃការអភិវឌ្ឍរបស់អាស៊ីប៉ាស៊ីហ្វិកយ៉ាងដូចម្ត៉េច ? គឺនៅតែត្រូវស្វែងរកចម្លើយពីនិន្នាការសកលភាវូបនីយកម្មសេដ្ឋកិច្ចដដែល។

“បង្កើតនិម្មាបនកម្មសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ប្រកបដោយភាពបើកទូលាយនិងការតភ្ជាប់ទៅវិញទៅមក” “បណ្តុះកម្លាំងចលករថ្មីនៃកំណើនអាស៊ីប៉ាស៊ីហ្វិក ប្រកបដោយភាពបៃតងនិងច្នៃប្រឌិតថ្មី” “បង្កើតគំនិតអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាបន្ន” នេះជាសំណើ៣ចំណុចរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលលើកឡើង ក្នុងកិច្ចប្រជុំកំពូល APEC ដែលបានចង្អុលបង្ហាញពីទិសដៅ ដើម្បីជំរុញការបង្កើតសហគមន៍ រួមវាសនារបស់អាស៊ីប៉ាស៊ីហ្វិក និងត្រួសត្រាយការអភិវឌ្ឍរបស់អាស៊ីប៉ាស៊ីហ្វិក។

ការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា ទើបជាការអភិវឌ្ឍពិតប្រាកដ ។ និយាយចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក រួមគ្នាធ្វើ “នំខេក”កាន់តែធំនិងចែករំលែកឱកាសអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានល្អ ធ្វើឱ្យតួអង្គសេដ្ឋកិច្ចនិងប្រជាជនកាន់តែច្រើនរួមគ្នាទទួលបាន សមិទ្ធផលនៃការអភិវឌ្ឍ នេះជាភារកិច្ចដែលត្រូវរ៉ាប់រង ដើម្បីជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលអាចផ្តល់ ផលប្រយោជន៍ជាទូទៅនិងមានភាពបរិយាប័ន្ន ។ ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍ ដែលចាត់ទុកមនុស្សជាអាទិភាព ។ ក្នុងសន្និសីទលើកនេះ ប្រទេសចិនបានថ្លែងថា នឹងជំរុញការអនុវត្តគំនិតផ្តួចផ្តើមក្នុង អង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដូចជាលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាជន និងជំរុញឱ្យសហគ្រាសធុនមធ្យម និងតូច ទទួលបានការអភិវឌ្ឍជាមួយគ្នា ។ ប្រការទាំងនេះនឹងលើកកម្ពស់សុខុមាលភាព របស់ប្រជាជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញសមភាពនិងយុត្តិធម៌ក្នុងសង្គម និងជួយសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកទទួលបាន ការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាបន្ន។

ក្នុងនាមជាសមាជិកដ៏សំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ហើយនឹងផ្តល់ ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក ។ ក្នុងកិច្ចប្រជុំកំពូលAPEC លោក Xi Jinping ប្រធានរដ្ឋចិន បានប្រកាសយ៉ាងច្បាស់ថា ប្រទេសចិននឹងធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ដើរតាមមាគ៌ាអភិវឌ្ឍន៍បៃតងយ៉ាងមុតមាំមិនងាករេ បង្កើតប្រព័ន្ធរបបថ្មីរបស់សេដ្ឋកិច្ច បែបបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់។ ប្រការនេះនឹងផ្តល់ផលប្រយោជន៍ ដល់តំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការអភិវឌ្ឍថ្មីរបស់ចិន ហើយនឹងបំពេញបន្ថែមកម្លាំងចលករថ្មី ដល់កំណើនសេដ្ឋកិច្ចសកល។

អាចរំពឹងទុកថា រដ្ឋសមាជិក APEC នឹងបន្តបង្កើតយីហោល្បីឈ្មោះរបស់ អាស៊ីប៉ាស៊ីហ្វិកបែបបើកទូលាយនិងបរិយាប័ន្ន បង្កើតយីហោថ្មីរបស់អាស៊ីប៉ាស៊ីបែបបៃតងនិងឌីជីថល ធ្វើឱ្យមហាសមុទ្រប៉ាស៊ីហ្វិក ក្លាយជាច្រកជំរុញវិបុលភាពនិងកំណើន ដើម្បីបង្កើត “៣០ឆ្នាំពណ៌មាស” បន្ទាប់នៃការអភិវឌ្ឍន៍របស់អាស៊ីប៉ាស៊ីហ្វិក៕

វិទ្យុមិត្តភាពកម្ពុជាចិន