(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 លើកទី១៩នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ ក្នុងខណៈពេលពិគ្រោះពិភាក្សាលើ ប្រធានបទ "ការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងភាពក្រីក្រ" នៅក្នុងសន្និសីទដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូល G20 លើកទី ១៩ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាគន្លឹះដែលមានចំណងជើងថា "កសាងពិភពលោកមួយដ៏យុត្តិធម៌ ដែលមានការអភិវឌ្ឍរួម"។

លោក Xi Jinping បានលើកឡើងថា ដំណើរការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនបង្ហាញថា បញ្ហាភាពក្រីក្រនៅក្នុង ប្រទេសកំពុងអភិវឌ្ឍន៍គឺអាចដោះស្រាយបាន។ ប្រការដែលប្រទេសចិនទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹង ភាពក្រីក្រគឺប្រកបដោយអត្ថន័យជាសកល។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនជាសមាជិកមួយនៃសកលខាងត្បូងជាប់រហូត និងជាដៃគូសហប្រតិបត្តិការយូរអង្វែង ដែលអាចជឿទុកចិត្តបាននៃប្រទេសកំពុងអភិវឌ្ឍន៍ ជាអ្នកចូលរួមយ៉ាងសកម្ម និងជាអ្នកអនុវត្តជាក់ស្តែងក្នុងការគាំទ្រដល់ការអភិវឌ្ឍសកល ហើយមានឆន្ទៈក្នុងការពួតដៃគ្នាជាមួយ ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីសម្រេចបាននូវទំនើបកម្ម។

លោក Xi Jinping បានប្រកាសពីប្រតិបត្តិការចំនួន ៨ របស់ប្រទេសចិន ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាសកល ក្នុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ។ ទី ១ រួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ បន្តកសាងបណ្តាញតភ្ជាប់គ្នាគ្រប់វិស័យ ចាត់ទុកផ្លូវសូត្របៃតងជាទិសដៅណែនាំនិងផ្តល់កម្លាំងចលករដល់ផ្លូវសូត្រឌីជីថល។ ទី២ អនុវត្តគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល កសាងឱ្យបានល្អនូវមជ្ឈមណ្ឌលស្រាវជ្រាវសកលខាងត្បូង ដើម្បីបន្តគាំទ្រដល់ ប្រទេសកំពុងអភិវឌ្ឍន៍។ ទី៣ គាំទ្រការអភិវឌ្ឍរបស់អាហ្វ្រិក។ ទី៤ គាំទ្រកិច្ចសហប្រតិបត្តិការ អន្តរជាតិ សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង។ ទី៥ ប្រទេសចិន ប្រេស៊ីល អាហ្រ្វិកខាងត្បូង និងសហភាពអាហ្រ្វិក បានរួមគ្នាលើកឡើងនូវ "គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិខាងការបើកចំហផ្នែកវិទ្យាសាស្ត្រ " ដើម្បីជំរុញសមិទ្ធផល ច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាសកល ឱ្យផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់សកលខាងត្បូង។ ទី ៦ គាំទ្រ G20 ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ដល់សកលខាងត្បូង។ ទី៧ អនុវត្ត “ផែនការសកម្មភាពប្រឆាំង អំពើពុករលួយ”នៃ G20។ ទី ៨ ប្រទេសចិននឹងធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធនិងយន្តការបើកចំហ កម្រិតខ្ពស់ ដោយពង្រីកការបើកចំហ ជាឯកតោភាគីចំពោះប្រទេសអភិវឌ្ឍន៍តិចតួច ហើយក៏បានប្រកាសពីការផ្តល់ ការអនុគ្រោះពន្ធសូន្យ លើទំនិញនាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន