(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញការព្រមានដល់សហរដ្ឋអាមេរិក និងលោកខាងលិច ដោយប្រកាសគោលលទ្ធិនុយក្លេអ៊ែរថ្មី ដែលអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការវាយប្រហារធម្មតាដែលគំរាមកំហែងដល់បូរណភាពទឹកដី ឬអធិបតេយ្យភាពរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាល Biden តាមសេចក្តីរាយការណ៍បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយរបស់អាមេរិក វាយប្រហារទៅក្នុងទឹកដីរុស្ស៊ី។
គោលលទ្ធិថ្មីនេះបានបន្ថយកម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បើប្រៀបធៀបទៅនឹងគោលលទ្ធិឆ្នាំ ២០២០ ដែលអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរ ឬការវាយប្រហារធម្មតាដែលគំរាមកំហែងដល់អត្ថិភាពនៃរដ្ឋប៉ុណ្ណោះ។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានបញ្ជាក់ថា «ការទប់ស្កាត់នុយក្លេអ៊ែរមានគោលបំណងធានាឱ្យសត្រូវ យល់ពីភាពជៀសមិនរួចនៃការសងសឹកក្នុងករណីមានការឈ្លានពានប្រឆាំងនឹងសហព័ន្ធរុស្ស៊ី និង/ឬសម្ព័ន្ធមិត្ត»។
គួរបញ្ជាក់ថា ការព្រមាននេះ ធ្វើឡើងក្នុងបរិបទនៃសង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយជាង ១,០០០ថ្ងៃ និងបានបង្កើនភាពតានតឹង រវាងរុស្ស៊ីនិងលោកខាងលិច។ អ្នកវិភាគជឿជាក់ថា ការប្រកាសគោលលទ្ធិនុយក្លេអ៊ែរថ្មីនេះ គឺជាការព្យាយាមរបស់លោកពូទីន ក្នុងការគូសបន្ទាត់ក្រហម សម្រាប់លោកខាងលិច និងទប់ស្កាត់ការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន៕