(គៀវ)៖ អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារទៅលើទឹកដីរុស្ស៊ីជាលើកដំបូង កាលពីថ្ងៃអង្គារ ដែលជាថ្ងៃទី ១,០០០ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីលរយៈចម្ងាយទាំងនោះ ដើម្បីវាយប្រហារទៅក្នុងទឹកដីរុស្ស៊ី ដែលជាការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយ។
រុស្ស៊ីបានអះអាងថា ខ្លួនបានបាញ់ទម្លាក់កាំជ្រួច ៥គ្រាប់ ក្នុងចំណោម ៦គ្រាប់ ដែលអ៊ុយក្រែនបានបាញ់ ហើយគ្រាប់មួយទៀតបានធ្លាក់នៅទីតាំងយោធា ក្នុងតំបន់ Bryansk ដោយមិនបណ្តាលឱ្យមានអ្នករងរបួស ឬខូចខាតអ្វីឡើយ។ អ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារឃ្លាំងអាវុធរបស់រុស្ស៊ី ប៉ុន្តែមិនបានបញ្ជាក់ថាបានប្រើប្រាស់អាវុធប្រភេទណានោះទេ។
នៅក្នុងសុន្ទរកថាទៅកាន់សភាកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានសង្កត់ធ្ងន់ថា «ពេលវេលាដ៏មុតស្រួច» នៃសង្រ្គាមនឹងមកដល់នៅឆ្នាំក្រោយ...នៅក្នុងដំណាក់កាលនៃសង្រ្គាមនេះ វានឹងសម្រេចថាអ្នកណានឹងឈ្នះ។ មិនថាយើងលើសត្រូវ ឬសត្រូវលើយើងអ៊ុយក្រែន... និងអឺរ៉ុប។ ហើយអ្នកគ្រប់គ្នានៅក្នុងពិភពលោក ដែលចង់រស់នៅដោយសេរី និងមិនត្រូវស្ថិតនៅក្រោមការជនផ្តាច់ការ»។
ការប្រើប្រាស់មីស៊ីល ATACMS របស់អ៊ុយក្រែន ត្រូវបានរុស្ស៊ីចាត់ទុកថា ជាការកើនឡើងនៃជម្លោះ និងបានព្រមានថា នឹងមានការសងសឹក។ ការវាយប្រហារនេះធ្វើឡើងនៅពេលដែលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយដល់ ១,០០០ថ្ងៃ ហើយមានភាពមិនប្រាកដប្រជា អំពីការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន នាពេលអនាគត ជាពិសេសបន្ទាប់ពីលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។
អ្នកជំនាញខាងយោធានិយាយថា មីស៊ីលរបស់អាមេរិកអាចជួយអ៊ុយក្រែនការពារទឹកដី ដែលខ្លួនបានគ្រប់គ្រង ប៉ុន្តែទំនងជាមិនផ្លាស់ប្តូរដំណើរនៃសង្រ្គាមនោះទេ៕